Img 1426
Swift cc time

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ចុះពិនិត្យការខូចខាត «ប្រាសាទព្រះវិហារ» ទាំងអារម្មណ៍ក្តុកក្តួល និងតក់ស្លុត

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ អាជ្ញាធរជាតិព្រះវិហារ

ព្រះវិហារ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារជម្លោះប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូឆ្នាំ២០២៥កន្លងទៅ ទាំងអារម្មណ៍ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។

ក្នុងបេសកកម្មខាងលើនេះ ក៏មានការចូលរួមពីលោក គីម រិទ្ធី លោកអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។

លោកស្រីរដ្ឋមន្រ្តី និងប្រតិភូទាំងអស់បានសម្តែងនូវមនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបំផ្លិចបំផ្លាញដ៏ធំធេងបំផុតចំពោះបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។ "ការខូចខាត បាក់បែក ដែលបានពិនិត្យឃើញដោយផ្ទាល់ភ្នែកនេះមានទំហំរាប់រយដងលើសពីរបាយការណ៍ខូចខាតរៀបចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅដែលបានកត់ត្រាការខូចខាតសរុបចំនួន ៥៦២កន្លែង" នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកជំទាវរដ្ឋមន្ត្រី។ 

គ្រប់ប្រទេសទាំងអស់មានភារកិច្ចក្នុងការការពារសម្បត្តិវប្បធម៌ ហើយសម្បត្តិបេតិកភណ្ឌមិនត្រូវក្លាយជាគោលដៅនៃការវាយប្រហារ ទោះក្នុងកាលៈទេសៈណាក៏ដោយ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីបេតិកភណ្ឌពិភពលោក និងអនុសញ្ញាឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងជម្លោះប្រដាប់អាវុធ។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហាររងការខូចខាតចំនួន ១៤២កន្លែង នៅក្នុងការវាយប្រហារដោយប្រដាប់អាវុធកាលពីខែកក្កដា និងខូចខាតបន្ថែមចំនួន ៤២០កន្លែងទៀតក្រោយខែធ្នូឆ្នាំ២០២៥ ដោយរាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូចខាតការដ្ឋានគម្រោងសហប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែលជាជំនួយរបស់ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ៕


Khcct banner

អត្ថបទទាក់ទង