ថៃ៖ នៅតំបន់ផ្លូវ Suksawat ក្បែរឃ្លាំងស្តុកប្រេងក្នុងខេត្ត Samut Prakan ប្រទេសថៃ រថយន្តដឹកប្រេងជាច្រើនគ្រឿងត្រូវបានបង្ខំចិត្តចតរង់ចាំជាជួរអស់រយៈពេលដល់ទៅ ៣ ថ្ងៃ ដើម្បីរង់ចាំដល់វេនចាក់ប្រេងចេញពីឃ្លាំង ដែលធ្វើឱ្យអ្នកបើកបរត្រូវដេក និងហូបចុកនៅលើឡាន ដើម្បីរង់ចាំអ៊ុតមើលដល់វេន របស់ខ្លួន។
តាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ The Standard បញ្ហាចម្បងគឺបណ្ដាលមកពីឃ្លាំងស្តុកប្រេង បានកាត់បន្ថយបរិមាណបញ្ចេញប្រេងយ៉ាងគំហុក ដោយពីមុនធ្លាប់បញ្ចេញរាប់លានលីត្រក្នុងមួយថ្ងៃ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់ចុះមកត្រឹមតែ ៣ ទៅ ៥ សែនលីត្រប៉ុណ្ណោះ។
ទន្ទឹមនឹងការផ្គត់ផ្គង់ធ្លាក់ចុះ តម្លៃប្រេងនៅក្នុងប្រទេសថៃក៏បានហក់ឡើងខ្ពស់ផងដែរ កាលពីព្រឹកថ្ងៃ២១មីនា ប្រេងម៉ាស៊ូតបានឡើងថ្លៃ ៧០ សាតាំង (ប្រហែល ៨០ រៀល) និងប្រេងសាំងឡើងថ្លៃ ១ បាត (ប្រហែល ១១៥ រៀល) ក្នុងមួយលីត្រ។ វិបត្តិនេះបានបង្កឱ្យស្ថានីយប្រេងឥន្ធនៈមួយចំនួនក្នុងតំបន់ ចាប់ផ្ដើមអស់ប្រេងម៉ាស៊ូតលក់ជូនប្រជាពលរដ្ឋជាបណ្ដោះអាសន្ន។
តាមការសង្កេត តម្លៃប្រេងលក់រាយនៅតាមស្ថានីយមួយចំនួនក្នុងប្រទេសថៃ បានហក់ឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ដោយក្នុងនោះប្រេងម៉ាស៊ូត មានតម្លៃចន្លោះពី ៣៥ ទៅ ៤០ បាត (ប្រហែល ៤,០០០ ទៅ ៤,៦០០ រៀល)។ចំណែកប្រេងសាំង មានតម្លៃចន្លោះពី ៤៥ ទៅ ៥០ បាត (ប្រហែល ៥,១០០ ទៅ ៥,៧៥០ រៀល) ក្នុងមួយលីត្រ។