ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បានបញ្ជាក់ប្រាប់រដ្ឋាភិបាលឡាវថា ថៃនឹងនៅតែបន្តនាំចេញប្រេងឥន្ធនៈទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ាដដែល ប៉ុន្តែត្រូវកាត់បន្ថយបរិមាណនាំចេញប្រមាណ ២៥% ពោលគឺនៅសល់ត្រឹម ៥,២៩ លានលីត្រក្នុងមួយថ្ងៃ ដោយសារឥទ្ធិពលនៃវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា។នេះបើតាមការចេញផ្សាយរបស់កាសែត The Laotian Times។
ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសថៃបានផ្អាកការនាំចេញប្រេងចម្រាញ់ទាំងអស់ កាលពីថ្ងៃទី១ ខែមីនា ដោយលើកលែងតែប្រទេសជិតខាងទាំងពីរនេះប៉ុណ្ណោះ។ វិធានការកាត់បន្ថយការផ្គត់ផ្គង់នេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសឡាវ ដែលពឹងផ្អែកលើការនាំចូលប្រេងពីថៃរហូតដល់ ៩៧% ជាហេតុធ្វើឱ្យស្ថានីយប្រេងឥន្ធនៈប្រហែល ៤២% នៅទូទាំងប្រទេសត្រូវបានបិទទ្វារ ដែលបង្កការរអាក់រអួលដល់វិស័យដឹកជញ្ជូន ឡូជីស្ទីក និងកសិកម្មយ៉ាងខ្លាំង។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលឡាវបានសម្រេចកាត់បន្ថយថ្ងៃសិក្សានៅតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យ ពី ៥ ថ្ងៃ មកត្រឹម ៣ ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងចំណោមប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា ការធានាបន្តផ្គត់ផ្គង់នេះ ត្រូវបានធ្វើឡើងក្រោយពេលដែលព្រះមហាក្សត្រ និងព្រះមហាក្សត្រិយានីថៃ បានយាងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ រយៈពេល ៣ ថ្ងៃ កាលពីពេលថ្មីៗនេះ។