ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងផ្តល់អាហារូបករណ៍ដល់និស្សិត ៥រូបដែលមានរៀន ឬធ្វើការជំនាញសិល្បៈវប្បធម៌ណាមួយ ដើម្បីចូលរួមក្នុងកម្មវិធីអាហារូបករណ៍។ កម្មវិធីនេះ មានគោលបំណងជួយគាំទ្រដល់និស្សិតនៅក្នុងវិស័យសិល្បៈវប្បធម៌ និងសិល្បៈសហសម័យ ឬនិស្សិតដែលមានជំនាញពាក់ព័ន្ធ ឱ្យបានសម្រេចគោលដៅ និងគុណតម្លៃផ្ទាល់ខ្លួនដែលមានគំនិតទូលំទូលាយ និងចង់ដឹកនាំ ក្នុងវិស័យសិល្បៈវប្បធម៌ និងសិល្បៈសហសម័យ។
យោងតាមគេហទំព័រផ្លូវការនៃ សិល្បៈខ្មែរអមតៈ អាហារូបករណ៍នេះផ្តល់សម្រាប់យុវជនដែលមានអាយុចាប់ពី ២០ឆ្នាំឡើងទៅ និងជាពលរដ្ឋកម្ពុជា។ បេក្ខជន ដែលធ្លាប់រៀនជំនាញសិល្បៈវប្បធម៌ណាមួយយ៉ាងតិច ៣ឆ្នាំ ឬធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ ឬសិល្បៈសហសម័យ យ៉ាងតិច ៣ឆ្នាំ។ បេក្ខជន ដែលស្នើសុំអាហារូបករណ៍ ត្រូវមានគោលបំណង និងឆន្ទៈ អភិវឌ្ឍជំនាញ ឬអាជីពរបស់ខ្លួននៅក្នុងវិស័យសិល្បៈវប្បធម៌ ឬសហសម័យ ឱ្យឈានទៅរកកម្រិតអាជីព។
បើតាមប្រភពដដែល បេក្ខជនអាចស្នើសុំអាហារូបករណ៍ទាក់ទងនឹងជំនាញអភិវឌ្ឍន៍ជំនាញសិល្បៈ និងសិល្បៈសហសម័យ អាហារូបករណ៍ជំនាញទូទៅមិនមែនសិល្បៈ និងពាក់ព័ន្ធនឹងសិល្បៈវប្បធម៌ និងសិល្បៈសហសម័យដែលរួមមាន ភាសាអង់គ្លេស កុំព្យូទ័រ គ្រប់គ្រង បុរាណវិទ្យា រដ្ឋបាល ឬជំនាញដទៃទៀតជាដើម។ ក្នុងការដាក់ពាក្យបេក្ខជនត្រូវសរសេរអំពីអត្ថបទមួយចំនួនដេលទាក់ទងនឹង គោលដៅនៅក្នុងវិស័យសិល្បៈវប្បធម៌ និងសហសម័យ និងគុណប្រយោជន៍របស់អាហារូបករណ៍ក្នុងការសម្រេចគោលដៅ។ មូលហេតុដែលកម្មវិធី គួរតែជ្រើសរើសបេក្ខជន របៀបចាត់ចែងការចំណាយ និងគោលបំណងនៃការសិក្សា និងអភិវឌ្ឍខ្លួន។
បើសិនជាបេក្ខជន មានចំណាប់អារម្មណ៍អាចស្វែងយល់បន្ថែម និងទាញយកពាក្យស្នើរសុំតាម តំណភ្ជាប់ ដើម្បីបំពេញឱ្យបានត្រឹមត្រូវរួចផ្ញើទៅកាន់ [email protected] ឬ ០៨៥ ៣០៣ ៩៧១ ឱ្យបានមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦។ មួយវិញទៀត ចំពោះបេក្ខជនដែលមិនអាចសរសេរ និងមើលឃើញអាចផ្ញើវីដេអូ ដែលឆ្លើយសំណួរនីមួយៗ គ្រប់សំណួរ មិនឱ្យលើសពី ១០នាទី។
គួរបញ្ជាក់ផងដែរ អាហារូបករណ៍នេះផ្តល់ជូនដល់និស្សិតគ្រប់ជំនាញដែលមានចក្ខុវិស័យទាក់ទងនឹងការអភិវឌ្ឍសិល្បៈ។ កម្មវិធី ផ្តល់ឱ្យបេក្ខជន គ្រប់កម្រិតឆ្នាំសិក្សា មិនថាជានិស្សិតឆ្នាំ ទី១ ទី២ គឺផ្តល់ឱ្យនិស្សិតដែលត្រូវការ ជំនួយបន្ថែមសម្រាប់បញ្ចប់ឆ្នាំសិក្សា។