ភ្នំពេញ៖ ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា កំពុងផ្តល់អាហារូបករណ៍ចំនួន ១៥កន្លែងដល់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនីតិសាស្ត្រ នៅសាកលវិទ្យាល័យវូហាន (Wuhan University) ប្រទេសចិន។ អាហារូបករណ៍នេះ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
យោងតាមសេចក្តីជូនដំណឹងនៃក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា អាហារូបករណ៍នេះនឹងគ្របដណ្តប់ទាំងអស់ទៅលើថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល ២ឆ្នាំ ថ្លៃសំបុត្រយន្តហោះទៅមកកម្ពុជា ចិន កន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព សេវាបំពេញពាក្យចូលរៀន និងប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៣០០០យ័ន (ជាង ៤៣០ដុល្លារអាម៉េរិក)។
បើតាមប្រភពដដែល បេក្ខជនជាមន្ត្រីនគរបាលអាចដាក់ពាក្យបានតាមរយៈការទាញយកកម្មវិធីទូរស័ព្ទ Sar Sokha Schorlaship រួចបំពេញឯកសារដូចជា រូបថតអត្តសញ្ញាណប័ណ្ណនគរបាលជាតិ ត្រង់ចំណុចប័ណ្ណសម្គាល់មន្ត្រីរាជការ សញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រមានតម្លៃសមមូល។ បេក្ខជនត្រូវមានសមត្ថភាពភាសាអង់គ្លេសយ៉ាងតិច IELTS ៥.៥ ឬ TOEFL ៨០ពិន្ទុ ឬDuolingo English Test ១០០ពិន្ទុ។ បេក្ខជនត្រូវបំពេញពាក្យតាមជំហ៊ាននីមួយៗឱ្យបានត្រឹមត្រូវ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យវូហាន ជាស្ថាប័នដែលមានសមត្ថភាពលើជំនាញច្បាប់មួយនៅប្រទេសចិន និងសហការជាមួយស្ថាប័នល្បីៗនៅលើពិភពលោក ដែលបណ្តុះបណ្តាលនិស្សិតអំពីប្រព័ន្ធច្បាប់នៅប្រទេសចិន ច្បាប់អន្តរជាតិ អភិបាលកិច្ចអន្តរជាតិ និងការស្រាវជ្រាវជាដើម៕