ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកដៃកូនស្រីសំណព្វចិត្តរបស់លោកដែលមានឈ្មោះថា Kim Ju Ae (គីម ជូអេ) ចុះសង្កេតមើលការសាកល្បងបាញ់គ្រាប់ពិតនៃប្រព័ន្ធបាញ់រ៉ុក្កែត KN-25 ជាច្រើនគ្រាប់ចំពេលដែលសង្រ្គាមអាម៉េរិក អ៊ីស្រាអែលវាយលើអ៊ីរ៉ង់មិនទាន់មានសញ្ញាវិជ្ជមានណាមួយក្នុងការបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ ដែលជាការឆ្លើយតបទៅនឹងការហ្វឹកហ្វឺនយោធាអាម៉េរិក-កូរ៉េខាងត្បូងដែលកំពុងបន្ត ដែលកូរ៉េខាងជើងចាត់ទុកថាជាការហាត់សមឈ្លានពានលើប្រទេសរបស់ខ្លួន។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍ថាលោក គីម បានមើលសមយុទ្ធវាយប្រហារ កាំភ្លើងបាញ់រ៉ុក្កែ ទំហំ ៦០០ មីលីម៉ែត្រចំនួន ១២ គ្រឿងដែលមានសមត្ថភាពបាញ់បានចម្ងាយប្រមាណជាង ៤០០គីឡូម៉ែត្រនៅឯឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍។ KCNA បានដកស្រង់សម្តីរបស់លោក គីម ដែលបាននិយាយថា សមយុទ្ធនេះនឹងធ្វើឱ្យសត្រូវ មានអារម្មណ៍ «មិនស្រួល» និងផ្តល់ឱ្យពួកគេនូវ «ការយល់ដឹងយ៉ាងស៊ីជម្រៅអំពីអំណាចបំផ្លិចបំផ្លាញនៃអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់យោធានៃប្រទេសកូរ៉ខាងជើង»។ លោកគីមបានអះអាងបែបនេះដោយបានសំដៅទៅលើកងទ័ពកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកដែលកំពុងតែនាំគ្នាធ្វើសមយុទ្ធ។ លោកគីមអះអាងទៀតថា «ប្រសិនបើអាវុធនេះត្រូវបានប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធយោធារបស់គូប្រកួតក្នុងចម្ងាយវាយប្រហាររបស់យើងនឹងមិនអាចរស់រានបានឡើយ»។
ជាការឆ្លើយតបយោធាកូរ៉េខាងត្បូងបានអះអាងថា ខ្លួនបានឃើញមីស៊ីលផ្លោងប្រហែល ១០ គ្រាប់ដែលបាញ់ចេញពីតំបន់រដ្ឋធានីរបស់កូរ៉េខាងជើងឆ្ពោះទៅសមុទ្រខាងកើត។ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានចាត់ទុកការបាញ់បង្ហោះនេះថាជាការញុះញង់ដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលហាមឃាត់សកម្មភាពបាញ់ផ្លោងណាមួយដោយកូរ៉េខាងជើង៕