Img 1426
Swift cc time

សិស្សកម្ពុជា និងអង់គ្លេស សហការគ្នារៀបចំពិព័រណ៍រូបថតក្រោមប្រធានបទ “ STEM In My Life”

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

មូលនិធិកុមារកម្ពុជា(CCF) ៖ សិស្សនៅសាលាNeeson Crippsនៃមូលនិធិកុមារកម្ពុជា បានសហការគ្នាជាមួយសិស្សអង់គ្លេសមកពីសាលា Nottingham ដើម្បីតាំងពិព័រណ៍រូបភាពក្រោមប្រធានបទ “STEM In My Life”។ រូបភាពចំនួន ២០ ដែលទាក់ទងនឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងSTEM ត្រូវបានតាំងបង្ហាញនៅក្នុងពិព័រណ៌មួយនេះ។ ក្នុងនោះមានរូបភាពចំនួនដប់ជាស្នាដៃរបស់សិស្សានុសិស្សខ្មែរ និងដប់ទៀតជាស្នាដៃរបស់សិស្សានុសិស្សអង់គ្លេស។

ការតាំងពិព័រណ៍ឆ្នាំនេះ គឺជាលើកទីមួយដែលមានការចូលរួមពីសិស្សបរទេស អនុញ្ញាតឱ្យសាធារណៈជនអាចទស្សនារូបភាព និងអំពីរបៀបដែលសិស្សនៅក្នុងប្រទេសទាំងពីរបកស្រាយអំពីរូបភាពរបស់ខ្លួន និង STEMនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ មួយវិញទៀតការតាំងបង្ហាញនេះ គឹជាការប្រកួតប្រជែង និងផ្តល់ឱកាសឱ្យសិស្សអាចស្វែងយល់ពីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅក្នុងពិភពលោក ព្រមទាំងអនុញ្ញាតឱ្យសិស្សអាចអភិវឌ្ឍជំនាញនៅក្នុងការធ្វើបទបង្ហាញ ការគិតស៊ីជម្រៅ រួមទាំងអាចបង្ហាញនូវភាពច្នៃប្រឌិតរបស់ពួកគេ។

បន្ថែមពីលើនេះទៀត រូបភាពទាំងអស់សុទ្ធសឹងតែបង្កប់អត្ថន័យអំពីវិស័យSTEM។ ជាក់ស្តែងរូបភាពទាំងអស់នោះ ខ្លះបានថតមកពីមន្ទីរពិសោធន៍ និងផ្សេងទៀតជារូបភាពសិស្សដែលឈរក្បែរគំនរសម្រាមស្ទឹងមានជ័យចាស់ដែលចង់បង្ហាញអំពីការបំពុលនៃប្លាស្ទិកដល់មនុស្ស និងសត្វ។ រូបភាពទាំងអស់នោះសុទ្ធសឹងតែបង្ហាញអំពីក្តីស្រមៃ និងគំនិតច្នៃប្រឌិតរបស់សិស្សនីមួយៗ។រីឯសិស្សមកពីអង់គ្លេសវិញ បានលើកយករូបភាពដែលឆ្លុះបញ្ចាំងអំពី ភាពច្នៃប្រឌិត ការពិសោធន៍ បញ្ញាសិប្បនិម្មិត ប្រភពកម្តៅ និងតួនាទីរបស់ STEM នៅក្នុងចក្រភពអង់គ្លេសយកមកបង្ហាញ។

គួរបញ្ជាក់ផងដែរថា ការតាំងបង្ហាញនេះគឺជាការរួមបញ្ចូលនៃសិល្បៈ និងវិទ្យាសាស្រ្តដើម្បីបង្ហាញពីរបៀបដែលសិស្ស និងយុវជនយល់ឃើញអំពីពិភពលោក ក៏ដូចជាការផ្សារភ្ជាប់ការអប់រំរវាងគ្នា។ រូបភាពដែលតាំងបង្ហាញនេះ ត្រូវបានតាំងបង្ហាញម្តងហើយនៅអំឡុងពេលពិព័រណ៍វិទ្យាសាស្តនៅអង់គ្លេស និងបន្ទាប់មកយកមកតាំងបង្ហាញនៅ Wild Restaurant ក្នុងទីក្រុងភ្នំពេញរហូតដល់ចុងខែមីនា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង