
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា កាលពីថ្ងៃទី១៥ធ្នូនេះ បានប្រកាសផ្តល់ថវិកាជូនពលរដ្ឋក្រីក្រចំនួន៣ខែ ដែលនឹងត្រូវចាប់អនុវត្តពីខែមករា ដល់ខែមីនា នៅឆ្នាំ២០២១។ប្រពលរដ្ឋក្រីក្រមានអារម្មណ៍ត្រេកអរ និងសាទរជាខ្លាំងបន្ទាប់ពីបានទទួលការឧបត្តម្ភជាថវិកាពីរាជរដ្ឋាភិបាល ដែលអាចសម្រួលដល់ជីវភាពបានមួយផ្នែកធំក្នុងកំឡុងកូវីដ១៩។
ក្រុមអ្នកសារព័ត៌មានស៊ីស៊ីថាមស៍បានចុះទៅទីតាំងផ្ទាល់របស់ពលរដ្ឋក្រីក្រីដែលទទួលបានប្រាក់ឧបត្តម្ភពីរដ្ឋាភិបាល។លោកស្រី អុច ចន្ថា ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋដែលបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងភូមិ១០ សង្កាត់ផ្សារថ្មី៣ បានថ្លែងថា លោកស្រីពិតជាមានអារម្មណ៍រំភើបជាខ្លាំងនៅពេលដែលទទួលព័ត៌មានថា រដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្តម្ភដល់ពួកគាត់។
លោកស្រីបានបន្តថា ប្រាក់ឧបត្ថម្ភនេះពិតជាបានដោះស្រាយជីវភាពលោកស្រីបានមួយកម្រិត ព្រោះក្នុងកឡុងមានការរីករាលដាលកូវីដ១៩ មុខរបររបស់លោកស្រីពុំទទួលបានប្រាក់ចំណូលឡើយ។ ប្រាក់ឧបត្ថម្ភនេះអាចជួយលោកស្រីបានដូចជា ទិញថ្នាំសង្កូវ គ្រឿងទេសសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ សម្លៀកបំពាក់ បង់ថ្លៃទឹក-ភ្លើងជាដើម។
រីឯលោកស្រី រ័ត្ន ណែម ក៏ជាប្រជាពលរដ្ឋម្នាក់ដែលបានទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងអរគុណយ៉ាងខ្លាំងទៅរាជរដ្ឋាភិបាលដែលបានជួយសម្រួលដល់ទុក្ខលំបាករបស់លោកស្រី និងក្រុមគ្រួសារ។សម្រាប់ថវិកាដែលរាជរដ្ឋាភិបាលឧបត្ថម្ភនេះ លោកស្រីថា គឺពិតជាបានជួយដោះស្រាយជីវភាពលោកស្រីបានមួយចំនួនធំ ជាពិសេសគឺជួយឱ្យលោកស្រីបានទិញថ្នាំទុកព្យាបាលជំងឺរបស់លោកស្រីបានគ្របគ្រាន់។
មិនខុសពីពលរដ្ឋក្រីក្រខាងលើ លោកស្រី សៀម រដ្ឋា សម្តែងចិត្តត្រែកអរ និង អរគុណទៅរាជរដ្ឋាភិបាលកម្ពុជាដែលបានជួយដោះស្រាយប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដូចជារូបលោកស្រីនៅក្នុងកំឡុងកូវីដ១៩។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ចាប់ពីខែមិថុនារហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាអស់ ១៦០ លានដុល្លារអាមេរិក សម្រាប់ផ្ដល់ជូនគ្រួសារក្រីក្រដែលរងផលប៉ះពា ល់ដោយសារវិបត្តិជំងឺកូវីដ-១៩ និងត្រៀមបន្តការងារនេះសម្រាប់រយៈពេលបីខែទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១ ខាងមុខ។ ការបញ្ជាក់បែបនេះរបស់សម្ដេច ត្រូវបានធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រនៅជុំទី៣នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយមើលឃើញសភាពការណ៍មិនទាន់ធូរស្រាល រដ្ឋាភិបាលសម្រេចប្រកាសចេញដោយផ្ដល់ជំនួយជាសាច់ប្រាក់ជូនប្រជាជនក្រីក្រនៅជុំទី៤ សម្រាប់រយៈពេលបីខែតទៅទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១ ខណៈកម្មវិធីនេះបានបើកផ្តល់ប្រាក់បានដល់ជាង ៦៧ ម៉ឺនគ្រួសារ ហើយក្នុងជុំទី៣ លើកទី១ ពីថ្ងៃទី ២៥ តុលា ដល់ ២៤ វិច្ឆិកា៕