ភ្នំពេញ៖ លោក ទុន ចាន់ណារ៉េត គឺជាជនរងគ្រោះដោយសារគ្រាប់មីន ដែលមានស្មារតីចូលរួមសកម្មក្នុងសកម្មភាពជំរុញយុទ្ធនាការអន្តរជាតិហាមឃាត់គ្រាប់មីន (ICBL) ជាសម្ព័ន្ធភាពនៃអង្គការជាង ១១០០ ដែលតស៊ូមតិឱ្យហាមឃាត់គ្រាប់មីនជាសកល។ បទពិសោធដ៏រន្ធត់របស់គាត់ និងការតស៊ូចូលរួមយ៉ាងសកម្មក្នុងការបញ្ឈប់សកម្មភាពគ្រាប់មីន បានជំរុញឱ្យលោក ទុន ចាន់ណារ៉េត ឈ្នះពានរង្វាន់ណូបែលសន្តិភាពនៅឆ្នាំ ១៩៩៧ ដែលជាបុគ្គលដំបូងបង្អស់របស់ប្រទេសកម្ពុជា។
លោក ទុន ចាន់ណារ៉េត ជាជនរងគ្រោះដោយសារគ្រាប់មីន នៅជិតព្រំដែនថៃ-កម្ពុជា ដែលជាសោកនាដកម្មដ៏គួរឱ្យរន្ធត់មួយសម្រាប់គាត់ បណ្តាលឱ្យគាត់ត្រូវកាត់ជើងទាំងពីរ។ សព្វថ្ងៃនេះ លោក ចាន់ណារ៉េត បានខិតខំប្រឹងប្រែងចំណាយពេលវេលានៃជីវិតរបស់គាត់ដើម្បីគាំទ្រដល់កុមារពិការ និងរចនារទេះរុញសម្រាប់ជនពិការនៅក្នុងប្រទេសកម្ពុជា។
លោក ទុន ចាន់ណារ៉េត គឺជាម្នាក់ក្នុងចំណោមអ្នកធ្វើយុទ្ធនាការរាប់ម៉ឺននាក់មកពីប្រទេសជាងហុកសិបដែលធ្វើការក្នុងភាពជាដៃគូទូទាំងពិភពលោក គឺយុទ្ធនាការអន្តរជាតិដើម្បីហាមឃាត់មីន (ICBL)។ លោកត្រូវបានជ្រើសរើសឱ្យទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ ពីព្រោះលោកបង្ហាញពីបទពិសោធន៍ ការប្តេជ្ញាចិត្ត និងសកម្មភាពដែលបង្កើតជាឫសគល់នៃយុទ្ធនាការនេះ ដែលជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋាភិបាលជាង ១១០០៕