ភ្នំពេញ៖ កម្មវិធី ASEAN YOUNG Green Communicators (AYGS) ជាកម្មវិធីដែលផ្តល់ឱកាសឱ្យយុវជនចូលរួមសិក្ខាសាលាដែលផ្តោតលើការសរសេរអត្ថបទ និងផលិតវីដេអូទាក់ទងនឹងបរិស្ថាន និងការបំពុលដោយប្លាស្ទិក។ សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីរយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការនៃERIA កម្មវិធីនេះផ្តល់ឱកាសសម្រាប់យុវជនអាស៊ានដែលមានអាយុចាប់ពី២០ ដល់២៥ឆ្នាំ និងមានជំនាញភាសាអង់គ្លេសល្អព្រោះកម្មវិធីនឹងធ្វើឡើងជាភាសាអង់គ្លេស។ ក្នុងដំណើរការនៃការដាក់ពាក្យ បេក្ខជនត្រូវដាក់ស្នើរអត្ថបទ ឬវីដេអូដែមានខ្លឹមសារទាក់ទងនឹងបរិស្ថាន ឬនិយាយពីផលប៉ះពាល់នៃប្លាស្ទិក ជាភាសាអង់គ្លេស។ អត្ថបទទាំងមូលត្រូវតែមិនលើសពី ៨០០ពាក្យ។ ចំពោះវីដេអូវិញ ត្រូវតែជាវីដេអូខ្លីដែលទាក់ទងនឹងប្រធានបទ បន្ទាប់មកបេក្ខជនត្រូវបង្ហោះវីដេអូនោះនៅក្នុងបណ្តាញសង្គមរបស់ខ្លួនជាសាធារណៈ។ បេក្ខជនអាចអានព័ត៌មានបន្ថែម និងដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦។
បើតាមប្រភពដដែល កម្មវិធីនេះ នឹងរ៉ាប់រងរាល់ការចំណាយទាំងអស់ ដែលរាប់ទាំងការរៀបចំឯកសារសម្រាប់ធ្វើដំណើរ ថ្លៃធ្វើដំណើរ ការស្នាក់នៅ ការហូបចុក និងឧបត្ថម្ភថវិកាសម្រាប់ចំណាយបន្ថែមទៀតផង។ លើសពីការ ឧបត្ថម្ភផ្នែកភស្តុភា យុវជនដែលចូលរួមនឹងទទួលបានវគ្គបណ្តុះបណ្តាលអំពីការសរសេរ ផលិតវីដេអូ និងការសរសេររឿងពីប្រធានបទបរិស្ថាន និងបញ្ញាសិប្បនិម្មិត ព្រមទាំងអាចបង្កើតទំនាក់ទងជាមួយយុវជន និងវាគ្មិនមកពីទូទាំងអាស៊ីផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវីធីនេះត្រូវបានរៀបចំដោយEconomic Research Institute for ASEAN និង East Asia and The Conversation Indonesia។ កម្មវិធីនេះ មានលក្ខណៈប្រកួតប្រជែងខ្លាំង ដោយជ្រើសរើសយកបេក្ខជនតែ១២ ទៅ១៨នាក់តែប៉ុណ្ណោះ៕