ភ្នំពេញ៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៣មីនាបានរៀបចំកម្មវិធីជូនដំណើរមន្រ្តីជំនាញឌីជីថលកម្ពុជាចំនួន ១៥រូប ដែលនឹងត្រូវទៅចូលរួមវគ្គបណ្តុះបណ្តាល Certificate Course in Data Analytics Using Python ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ និង Certificate Course in Applied Machine Learning ចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅប្រទេសឥណ្ឌា ក្រោមកម្មវិធីសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចឥណ្ឌា (ITEC)។
ថ្លែងក្នុងកម្មវិធីជូនដំណើរមន្ត្រីជំនាញឌីជីថលចំនួន ១៥រូប លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកឡើងពីចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ជាពិសេសលើការគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្សក្នុងវិស័យឌីជីថល។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីលោក Vanlalvawna Bawitlun ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។
ទន្ទឹមនឹងនេះ លោក ទូច យ៉ារ៉ាន់ឌី ក៏បានលើកទឹកចិត្តដល់មន្ត្រីជំនាញទាំងអស់ ឱ្យខិតខំសិក្សាដោយយកចិត្តទុកដាក់ មានការប្តេជ្ញាចិត្តខ្ពស់ និងប្រើប្រាស់ឱកាសដ៏មានតម្លៃនេះ ដើម្បីបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈ ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់វិស័យឌីជីថល និងពង្រឹងបន្ថែមទំនាក់ទំនងកម្ពុជា-ឥណ្ឌា ឱ្យកាន់តែរឹងមាំថែមទៀត៕