កំពង់ចាម៖ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង (ស្គន់-កំពង់ចាម) ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ សម្រេចលទ្ធផលជារួម៨៩,៨៨%។ គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការគ្រោងទុក។ នេះបើតាមលោក ផន រឺម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង ចាប់ពីទីប្រជុំជនស្គន់ រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម កំពុងសម្រុកចាក់AC, គូសគំនូសចរាចរណ៍, បំពាក់ផ្លាកសញ្ញាចរាចរណ៍, ដាក់អំពូលសូឡាបំភ្លឺពេលរាត្រី..។ ល។
បើតាមអ្នកនាំពាក្យក្រសួងសាធារណការ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម)ប្រវែង៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84)ចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចលទ្ធផលជារួម៨៩,៨៨%ហើយ។ ផ្អែកលើល្បឿនសកម្មភាពការដ្ឋាន គម្រោងនេះនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦ខាងមុខ ដែលមានន័យថា លឿនជាងផែនការគ្រោងទុក។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ជួយសម្រួលការធ្វើដំណើរ ,ការដឹកជញ្ជូនផលិតផលកសិកម្ម, កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ៕