អាម៉េរិក៖ លោក Joe Kent នាយកមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិអាម៉េរិក (NCTC) បានលាលែងពីតំណែងជាផ្លូវការនៅថ្ងៃទី១៧ ខែមីនា ដោយលើកឡើងពីការមិនពេញចិត្ត និង មិនអាចគាំទ្រដល់ប្រតិបត្តិការយោធារបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នៅក្នុងប្រទេសអ៊ីរ៉ង់។ ការលាលែងពីតំណែងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងរដ្ឋបាលលោក ត្រាំ ខណៈសង្គ្រាមរវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងតែមានភាពតានតឹងខ្លាំង ចាប់តាំងពីការវាយប្រហារតាមអាកាសបានចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងលិខិតលាលែង លោក Joe Kent បានសង្កត់ធ្ងន់ថា លោកមិនអាចបន្តបំពេញតួនាទីដោយមនសិការ ខណៈសហរដ្ឋអាម៉េរិកកំពុងបន្តសង្គ្រាមនៅអ៊ីរ៉ង់ ដែលលោកជឿថាជា «សង្គ្រាមដែលមិនចាំបាច់»។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា «ប្រទេសអ៊ីរ៉ង់ មិនបានបង្កការគំរាមកំហែងបន្ទាន់ណាមួយដល់ប្រទេសជាតិរបស់យើងឡើយ ហើយវាច្បាស់ណាស់ថា យើងបានចាប់ផ្តើមសង្គ្រាមនេះដោយសារតែសម្ពាធពីអ៊ីស្រាអែល និង ក្រុមអ្នកបញ្ចុះបញ្ចូលដ៏មានឥទ្ធិពលរបស់អាម៉េរិក»។
លោក Kent ក្នុងនាមជាអតីតយុទ្ធជនធ្លាប់ឆ្លងកាត់សមរភូមិដល់ទៅ ១១ លើក និង ជាស្វាមីដែលបានបាត់បង់ភរិយាក្នុងសង្គ្រាមនៅស៊ីរី បានបង្ហាញការខកចិត្តយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតី ត្រាំ។ លោកបានរំលឹកថា កាលពីមុន លោក ត្រាំ តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយមិនចង់ឱ្យអាម៉េរិកធ្លាក់ក្នុង «អន្ទាក់សង្គ្រាម» នៅមជ្ឈិមបូព៌ា។ លោកបានអំពាវនាវឱ្យលោក ត្រាំ ពិចារណាឡើងវិញនូវផ្លូវដើររបស់ប្រទេសជាតិ ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងភាពវឹកវរ និងការបាត់បង់ជីវិតកងទ័ពអាម៉េរិកបន្ថែមទៀត។
គួររំលឹកថា លោក Joe Kent ធ្លាប់ត្រូវបានគេស្គាល់ថាជា «អ្នកគាំទ្រស្លាប់រស់» របស់លោក ត្រាំ។ លោកបានដើរតួជាសកម្មជននយោបាយដ៏សកម្មម្នាក់ និងធ្លាប់ឈរឈ្មោះជាតំណាងរាស្ត្រនៅរដ្ឋវ៉ាស៊ីនតោន ដោយមានការគាំទ្រពេញទំហឹងពីលោក ត្រាំ ទៀតផង។ ការសម្រេចចិត្តដើរចេញនៅពេលនេះ បង្ហាញពីភាពប្រេះឆាយ៉ាងធ្ងន់ធ្ងរនៅក្នុងជួររដ្ឋបាលលោក ត្រាំ ជុំវិញគោលនយោបាយនៅមជ្ឈិមបូព៌ា៕