ថៃ៖ អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទថៃ លោក Vithai Laithomya បានបញ្ជាក់ជាថ្មីពីគម្រោងអនុវត្ត សាងសង់«របង» តាមបណ្តោយព្រំដែនមួយផ្នែកជាប់ជាមួយប្រទេសកម្ពុជា នៅខែមេសាខាងមុខនេះ ។ផែនការនេះ ក្រោមហេតុផល ដើម្បីបង្កើនកិច្ចការពារសន្តិសុខ បន្ទាប់ពីធ្លាប់មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីឆ្នាំមុនជាមួយកម្ពុជា។
យោងតាមការចុះផ្សាយពីកាសែតថៃ Bangkok Post របងការពារដំបូងនឹងត្រូវសាងសង់ឡើងក្នុងប្រវែង ១,៣ គីឡូម៉ែត្រ ស្ថិតក្នុងស្រុក Pong Nam Ron ខេត្តច័ន្ទបុរី។ការរើសយកទីតាំងនេះ ជាផ្នែកតូចមួយនៃព្រំដែនរួមជិត ៨០០ គីឡូម៉ែត្ររវាងប្រទេសទាំងពីរ ហើយគម្រោងនេះក៏ទទួលបានការយល់ព្រមពីភាគីកម្ពុជា តាមរយៈ ការឯកភាពគ្នាកន្លងមក។
បើតាមលោក Vithai Laithomya បានសង្កត់ធ្ងន់តាមរយៈសេចក្តីថ្លែងការណ៍ថា «ការសាងសង់របងព្រំដែននេះ មិនមែនគ្រាន់តែជាការកសាងជញ្ជាំងរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្តល់នូវសន្តិភាពផ្លូវចិត្តដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន»។ អាជ្ញាធរថៃ បានបញ្ជាក់ថា គម្រោងសាងសង់នេះនឹងប្រើប្រាស់រយៈពេល ៤៥ ថ្ងៃ ហើយតំបន់នោះត្រូវបានបោសសម្អាតមីនរួចរាល់ និង មានការស្ថាបនាផ្លូវកៅស៊ូនៅខាងទឹកដីថៃរួចជាស្រេច។
គួរបញ្ជាក់ថា កិច្ចផ្ដួចផ្ដើមសាងសង់របងការពារព្រំដែនកម្ពុជា-ថៃនេះ គឺជាយុទ្ធសាស្ត្រនយោបាយដ៏សំខាន់មួយរបស់លោក អនុទីន ចាន់វីរៈគុល ក្នុងការកៀគរសំឡេងឆ្នោត និង ស្វែងរកប្រជាប្រិយភាពកាលពីការបោះឆ្នោតកន្លងទៅ។ យុទ្ធសាស្ត្រនេះត្រូវបានគេមើលឃើញថា ជាការឆ្លើយតបទៅនឹងការចង់បានរបស់ម្ចាស់ឆ្នោតនៅតាមបណ្តោយព្រំដែន ដែលចង់ឃើញសន្តិសុខកាន់តែរឹងមាំ និងការគ្រប់គ្រងច្រកព្រំដែនឱ្យមានរបៀបរៀបរយជាងមុន៕