ភ្នំពេញ៖ អង្គការសហប្រជាជាតិ កំពុងរៀបចំកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេង Generation Connect ឆ្នាំ២០២៦-២០២៧ ដែលជាកម្មវិធីលក្ខណៈអន្តរជាតិ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យយុវជនដែលកំពុងសិក្សា និងមានចំណូលចិត្តលើវិស័យបច្ចេកវិទ្យា ឬវិស័យSTEM អាចបង្ហាញភាពច្នៃប្រឌិតរបស់ពួកគេតាមរយៈការធ្វើគម្រោងអភិវឌ្ឍបច្ចេកឌីជីថលនៅក្នុងសហគមន៍របស់ពួកគេ។
យោងតាមគេហទំព័រផ្លូវការនៃ Opportunities for Youth ដើម្បីដាក់ពាក្យចូលរួមកម្មវិធីនេះ បេក្ខជនត្រូវតែជានិស្សិតដែលកំពុងសិក្សា ឬបានបញ្ចប់ការសិក្សាទៅលើជំនាញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និងជំនាញដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា(STEM) ដទៃ។ កម្មវិធីនេះ ក៏ទាមទារឱ្យបេក្ខជនមានចរិតលក្ខណៈដូចជា មានជំនាញទំនាក់ទង និងសហការជាក្រុម និងមានការប្តេជ្ញាចិត្តខ្ពស់។ បេក្ខជនត្រូវស្នើគម្រោងអភិវឌ្ឍន៍ឌីជីថលណាមួយដែលទាក់ទងនឹងការអវិវឌ្ឍ និងបណ្តុះបណ្តាលជំនាញឌីជីថល ដំណោះស្រាយបច្ចេកវិទ្យាក្នុងការអប់រំ សហិគ្រិនភាពឌីជីថល និងនវានុវត្តន៍ បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាថ្មីៗដែលអាចប៉ះពាល់សង្គម និងការអភិវឌ្ឍឌីជីថលសម្រាប់សេវាកម្មសាធារណៈ។
មួយវិញទៀត ចំពោះគម្រោងដែលដាក់ស្នើសុំត្រូវតែមានភាពរឹងមាំ ដោយដាក់បញ្ជាក់ច្បាស់ និងមានធាតុចូលដូចជា បញ្ហាដែលបេក្ខជនមានគោលបំណងដោះស្រាយ និងដំណោះស្រាយ ក្តីរំពឹងនៃឥទ្ធពលរបស់គម្រោងពួកគេចំពោះសហគមន៍។
បើតាមប្រភពដដែល អត្ថប្រយោជន៍ដែលបេក្ខជននឹងទទួលបានពីកម្មវិធីរួមមាន ឱកាសឈ្នះទឹកប្រាក់រហូតដល់ ១០០០០ដុល្លារសម្រាប់អនុវត្តគម្រោង ដែលក្នុងនោះ ៥០០០ដុល្លារសម្រប់គម្រោង និង៥០០០ដុល្លារទៀតអាស្រ័យលើគម្រោងរបស់បេក្ខជនថាមានឥទ្ធពល និងល្អជាងគេឬទេ។ មួយវិញទៀត បេក្ខជនក៏ទទួលបានការបណ្តុះបណ្តាលតាមអ៊ីនធឺណេត ដែលផ្តល់ដោយអ្នកជំនាញនៅក្នុង ITU (International Telecommunication Union) និងក្រុមហ៊ុនHauwei។ លើសពីនេះ បេក្ខជនមានឱកាសបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងភាគីអន្តរជាតិផ្សេងៗទៀត។ បេក្ខជន ក៏នឹងមានឱកាសធ្វើបទបង្ហាញអំពីគម្រោង និងបានចូលរួមដោយផ្ទាល់នៅក្នុង Global Development Week នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
គួរបញ្ជាក់ផងដែរថា បេក្ខជនអាចដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។កម្មវិធីនេះជ្រើសរើសបេក្ខជនមកពីជុំវិញពិភពលោក និងជ្រើសរើសយក ៣០នាក់ក្នុងមួយឆ្នាំ ហើយកាលពីឆ្នាំ២០២៥កន្លងទៅ មានអ្នកដាក់ពាក្យរហូតដល់ជាង ៥០០០នាក់៕