ភ្នំពេញ៖ ម៉ាឡេស៊ី ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតខ្មែរដែលមកពីគ្រួសារមានប្រាក់ចំណូលទាប ដើម្បីឱ្យពួកគេមានឱកាសបន្តការសិក្សានៅប្រទេសម៉ាឡេស៊ីទៅលើជំនាញដែលពេញនិយមជាច្រើន។ ជំនាញដែលនិស្សិតអាចជ្រើសរើសសិក្សារួមមាន ការគ្រប់គ្រងអាជីវកម្ម ទីផ្សារ សេដ្ឋកិច្ច សង្គមវិទ្យា ហិរញ្ញវត្ថុ វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ ការអប់រំ វិទ្យាសាស្ត្រកុំព្យូទ័រ និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។
យោងតាមមូលនិធិអ៊ីម៉ាន់កម្ពុជា អាហារូបករណ៍នេះផ្តល់ឱ្យសម្រាប់សិស្សកម្ពុជាដែលមានអាយុចាប់ពី១៧ ដល់២០ឆ្នាំដែលមកគ្រួសារមានប្រាក់ចំណូលទាប( មិនលើសពី ៣០០ដុល្លារ) និងនៅលីវ។ សិស្សត្រូវតែបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬមានសញ្ញាបត្រសមមូល និងមានពិន្ទុGPA ពី ២.៨០ឡើងទៅ។
សូមជម្រាបថា អាហារូបករណ៍នេះនឹងរ៉ាប់រងទាំងអស់ទៅលើថ្លៃសិក្សា ប្រាក់ចំណាយប្រចាំខែ និងថ្លៃសិក្សា។ បើសិនជា និស្សិតមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦៕