អូទ្រីស៖ លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសធ្វើដំណើរទៅកាន់ទីក្រុងវីយែន ប្រទេសអូទ្រីស ដើម្បីចូលរួមកិច្ចប្រជុំកំពូលកាលពីថ្ងៃទី ១៦-១៧ ខែមីនា បានផ្តល់បទសម្ភាសន៍អំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសនានា ដើម្បីស្វែងរកប្រភពថាមពល ឬប្រភពឥន្ធនៈថ្មី សម្រាប់តម្រូវការក្នុងប្រទេស។
កាសែតThe Nation បានរាយការណ៍ថា បច្ចុប្បន្នរដ្ឋាភិបាលថៃ មានប្រេងបម្រុងទុកសម្រាប់រយៈពេលពី ៩៥ ទៅ ១០០ ថ្ងៃ ប៉ុន្តែដោយសារស្ថានភាពប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ា នៅតែមានភាពមិនច្បាស់លាស់ ទើបនាយករដ្ឋមន្ត្រីថៃ លោកអនុទីនយល់ឃើញថា ថៃចាំបាច់ត្រូវទាក់ទងស្វែងរកប្រភពប្រេងបន្ថែមពីបណ្តាប្រទេសដែលមានបំណងលក់ប្រេងឱ្យថៃ។
បើតាមលោក Sihasak ប្រទេសថៃ បានទាក់ទងទៅកាន់ប្រទេសរុស្ស៊ីរួចរាល់ហើយ ដែលភាគីរុស្ស៊ីក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការលក់ប្រេងឱ្យថៃ។ ក្រៅពីនេះ ថៃក៏បានទាក់ទងទៅកាន់ប្រទេសប្រេស៊ីល នីហ្សេរីយ៉ា និងកាហ្សាក់ស្ថាន ខណៈដែលសហរដ្ឋអាម៉េរិក បានបន្ធូរបន្ថយទណ្ឌកម្មលើការដឹកជញ្ជូនប្រេងចេញពីកំពង់ផែ ដែលជាឱកាសល្អសម្រាប់ថៃក្នុងការធានាសន្តិសុខថាមពល។
ក្នុងកិច្ចពិភាក្សាជាមួយសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) លោក សីហាសាក់ ក៏បានជជែកជាមួយតំណាងប្រទេសបារ៉ែន និង សហព័ន្ធអារ៉ាប់រួម (UAE) ដើម្បីសម្តែងការព្រួយបារម្ភលើស្ថានភាពសង្គ្រាម កំពុងជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពសេដ្ឋកិច្ច និង ថាមពលនៃបណ្តាប្រទេសក្នុងតំបន់ទាំងអស់៕