វៀតណាម៖រដ្ឋមន្ត្រីចំនួន៣វិស័យ នៃប្រទេសចិន និងវៀតណាម នៅថ្ងៃទី ១៦ មីនា បានបើកកិច្ចប្រជុំរួមគ្នាជាលើកដំបូង ដើម្បីពង្រឹងរួមគ្នាលើវិស័យ ការទូត ការពារជាតិ និង សន្តិសុខសាធារណៈ ដែលចិន និង វៀនណាម ដោយថា ជាយុទ្ធសាស្ត្រ"3+3"។កិច្ចប្រជុំជាលើកដំបូងនេះ គឺវៀតណាមទទួលធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំនេះ ភាគីចិនមានលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស, លោក វ៉ាង ស៊ាវហុង (Wang Xiaohong) រដ្ឋមន្ត្រីសន្តិសុខសាធារណៈ និង លោក ដុង ជុន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ។ ចំណែកវៀតណាម មាន លោក ឡេ ហាយជុង (Le Hoai Trung) រដ្ឋមន្ត្រីការបរទេស, លឿង តាមក្វាង(Luong Tam Quang) រដ្ឋមន្ត្រីសន្តិសុខសាធារណៈ និងលោក ផាន់ វ៉ាន់យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីការពារជាតិ។
ថ្លែងក្នុងកិច្ចប្រជុំ លោក វ៉ាង យី ប្រមុខការទូតចិន បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសជិតខាងសង្គមនិយម ប្រទេសទាំងពីរគួរតែរួមគ្នាដើរលើផ្លូវអភិវឌ្ឍន៍រៀងៗខ្លួន និង កសាង «សហគមន៍វាសនារួម» ដើម្បីជំរុញសណ្តាប់ធ្នាប់ពិភពលោកឱ្យមានតុល្យភាព និងបរិយាបន្នសេដ្ឋកិច្ច។ចំណែកវៀតណាម បានបង្ហាញជំហរថា ក្នុងបរិបទពិភពលោកដែលកំពុងវិវត្តយ៉ាងរហ័ស និង មិនអាចទាយទុកមុនបាន ការពង្រឹងសាមគ្គីភាពជាមួយចិន គឺជាកិច្ចការបន្ទាន់បំផុតដើម្បីដោះស្រាយបញ្ហាប្រឈមរួម។
វៀតណាម បានសង្កត់ធ្ងន់ថាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និង ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ភាគីទាំងពីរបានឯកភាពគ្នានឹងរៀបចំកិច្ចប្រជុំយុទ្ធសាស្ត្រ "3+3" លើកទី២ នៅប្រទេសចិន នាពេលខាងមុខ ព្រមទាំងបន្តពង្រឹងយន្តការទំនាក់ទំនងរវាងមន្ត្រីជាន់ខ្ពស់នៃក្រសួងទាំងបីឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីធានាសន្តិសុខ និង ស្ថិរភាពតាមបណ្តោយព្រំដែន និងក្នុងតំបន់៕