ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍ France Excellence(BFF) ដែលជាអាហារូបករណ៍ថ្នាក់បណ្ឌិតសិក្សានៅប្រទេសបារាំង។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការគាំទ្រពី ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។
យោងតាមស្ថានទូតបារាំប្រចាំកម្ពុជា តាមរយៈអាហារូបករណ៍នេះនិស្សិតនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ប្រាក់ឧបត្ថម្ភ ១៨៥០អ៊ីរ៉ូក្នុងមួយខែ ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសង្គម រួមទាំងកន្លែងស្នាក់នៅ និងការហូបចុក។ បន្ថែមពីលើនេះ អាហារូបករណ៍នឹងផ្គត់ផ្គង់ទៅលើទិដ្ឋាការ និងថ្លៃធ្វើដំណើរទៅមកកម្ពុជា-បារាំងផងដែរ។ នៅក្នុងកម្មវិធីអាហារូបករណ៍នេះ និស្សិតអាចជ្រើសរើសសិក្សារវាងពីរភាសាគឺភាសាអង់គ្លេស និងភាសាបារាំង និងអាចជ្រើសរើសជំនាញទាក់ទងនឹងវិស័យអាទិភាពមួយចំនួនដែលរួមមាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(ជារួមវិស័យដែលទាក់ទងនឹង STEM) រួមទាំងវិទ្យាសាស្រ្តសុខាភិបាលផងដែរ។
បើតាមប្រភពដដែល អាហារូបករណ៍នេះផ្តល់ជូននិស្សិតកម្ពុជាដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិត។ បេក្ខជនត្រូវតែបំពេញពាក្យតាមប្រព័ន្ធអនឡាញឱ្យបានត្រឹមត្រូវ និងមានប្រធានបទស្រាវជ្រាវច្បាស់លាស់។ មួយវិញទៀត មុនពេលដាក់ពាក្យនិស្សិតត្រូវដាក់ពាក្យសិក្សានៅសាកលវិទ្យាល័យបារាំងណាមួយ ដើម្បីទទួលបានលិខិតយល់ព្រមជាផ្លូវការ ឬពាក្យសុំដែលកំពុងដំណើរការដើម្បីយកជាភស្តុតាងដើម្បីដាក់ពាក្យ និងលិខិតផ្តល់ហិរញ្ញប្បទានពីស្ថាប័នដៃគូ។និស្សិតក៏ត្រូវមានជំនាញភាសាដែលខ្លួនបានជ្រើសរើសដែលរួមមានបារាំង និងអង់គ្លេសដោយមានលិខិតធ្វើតេស្តមកបញ្ជាក់។ ជាចុងក្រោយ និស្សិតត្រូវត្រឡប់មកបម្រើការនៅកម្ពុជាវិញ និងធ្វើការនៅក្នុងស្ថាប័នឧត្តមសិក្សារយៈពេល ៣ឆ្នាំ និងចុះឈ្មោះនៅក្នុងសមាគមន៍អតីតនិស្សិតនៅបារាំង។
សូមជម្រាបថា និស្សិតដែលមានចំណាប់អារម្មណ៍អាចអានព័ត៌មានលម្អិត និងដាក់ពាក្យតាមរយៈ តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦៕