ភ្នំពេញ៖ កម្ពុជា បាននិងកំពុងទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យដែលសក្តានុពលនានា ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងលោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី។
នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៃជំនួបទ្វេភាគី លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងអូស្ត្រាលី ហើយបានថ្លែងអំណរគុណចំពោះប្រទេសអូស្ត្រាលី ដែលបន្តគាំទ្រដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលដល់កងកម្លាំងយោធា។ កម្ពុជាទន្ទឹងរង់ចាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអូស្ត្រាលី លើវិស័យដែលសក្តានុពលនានា ដូចជាការផ្លាស់ប្តូរព័ត៌មាន និងការធ្វើសមយុទ្ធរបស់កងទ័ពជើងទឹក។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិនានា ក្នុងពេលដែលសភាពការណ៍ពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ចំណែកឯវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក៏ត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងស៊ីជម្រៅផងដែរ៕