ភ្នំពេញ៖ សៀវភៅជម្នះរស់ គឺជាសៀវភៅដែលរៀបរាប់អំពីដំណើរជីវិតរបស់លោក ខៀវ កាញារីទ្ធ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាន រៀបរាប់ពីបទពិសោធន៍នៃការឆ្លងកាត់នូវព្យុះភ្លៀងនៃសង្គ្រាម មកទល់នឹងប្រទេសជាតិមានសន្តិភាព។ ជាមួយនឹងកម្រាស់១៩៧ទំព័រ និងបែងចែកជា ៥ជំពូក សៀវភៅនេះ ត្រូវបានបកប្រែពីភាសាបារាំងដែលមានចំណងជើងថា “Survivre !” និងបន្ថែមខ្លឹមសារលម្អិត ពីទិដ្ឋភាពនៃសម័យកាលសង្គ្រាម ដោយមានបរិយាយពីមុនសម័យខ្មែរក្រហម រហូតដល់ថ្ងៃដំបូងនៃភ្នំពេញថ្មី ឆ្នាំ១៩៧៩។
ថ្លែងនៅក្នុងសន្និសិទ្ធព័ត៌មាននៃការបើកសម្ភោធសៀវភៅលោក ខៀវ កាញារីទ្ធដែលជាសាមីបានមានប្រសាសន៍ទៅលើគោលបំណងនៃការដាក់ចំណងជើងនៃសៀវភៅ “ជម្នះរស់” ថា ការដាក់ចំណងនេះវាមានន័យគាប់ប្រសើរជាងត្រដររស់ព្រោះ ពាក្យជម្នះ វាសំដៅដល់ឆន្ទៈនៃការរស់។ បើលើកឧទាហរណ៍ទៅនឹងជីវិតរស់នៅជាក់ស្តែង វាប្រៀបដូចជាមានគេយកដៃខ្ទប់ច្រមុះ កុំឱ្យដកដង្ហើម ប៉ុន្តែយើងនៅតែខំវាយដៃចេញដើម្បីរស់បន្ត ខុសពី “ត្រដររស់” ដែលរស់តាមសម្មាអាជីវោ បើគេខ្ទប់ច្រមុះក៏ជ្រើសរើសផ្លូវស្លាប់។
បន្ថែមពីលើអត្ថន័យរបស់ច្បាប់ដើមជាភាសាបារាំង លោកខៀវ កាញារីទ្ធបានរៀបរាប់យ៉ាងលម្អិតអំពីព្រឹត្តិការណ៍នានាដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម រាប់ទាំងសេដ្ឋកិច្ច និងការវិវត្តិនៃនយោបាយ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំជឿថា នៅក្នុងសម័យនេះ មានប្រជាជនខ្មែរប្រហែលតែ ៥ភាគរយទេ ដែលស្គាល់ពីសម័យនោះ” ។ លើសពីនេះ នៅក្នុងសៀវភៅលោកក៏បានសរសេរពីឬសគល់នៃវិបត្តិសេដ្ឋកិច្ចនៅក្នុងសម័យសង្គមរាស្រ្តនិយមដើម្បីឱ្យអ្នកនយោបាយបានយល់ដឹង។ បន្ថែមពីលើនេះ លោកក៏បានបញ្រ្ជាបគំនិតមួយឱ្យយុវជនជំនាន់ក្រោយពិចារណា គឺកុំស្អប់សត្រូវ រហូតដល់ភ្លេចរៀនពីចំណុចខ្លាំងរបស់គេ ហើយហេតុអ្វីគេបំផ្លាញយើងកើត។
ឆ្លៀតក្នុងឱកាសនៃការសម្ភោធសៀវភៅនេះ លើសពីការបរិយាយអំពីសៀវភៅរបស់ខ្លួន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ររូបនេះ បានផ្តល់គំនិតជាច្រើនសម្រាប់យុវជនជំនាន់ក្រោយឱ្យយល់ដឹងពីអត្ថប្រយោជន៍នៃការអាន ដោយប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនមកពន្យល់ រួមទាំងប្រៀបធៀបជាមួយបញ្ហានានានៃពិភពលោកដើម្បីឱ្យកាន់តែងាយយល់។
លោក លាង ដឺលុច ជាចាងហ្វាងកាសែតនៃសារព័ត៌មានឌីជីថលថ្មីៗ បានមានប្រសាសន៍ថា ការរួមចំណែកនៃការបោះពុម្ភផ្សាយសៀវភៅជម្នះរស់នេះ គឺដោយសារលោកមើលឃើញពីឥស្សរភាពរបស់លោកខៀវ កាញារីទ្ធ និងភាពមានជំហរច្បាស់លាស់របស់លោក។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សៀវភៅនេះមិនមែនជាសៀវភៅវិភាគនយោបាយ ឬវិភាគសង្គម ទេ ដោយឯកឧត្តមមិនមានជំនាញផ្នែកនេះ តែគឺគ្រាន់តែជាកំណត់ត្រាផ្ទាល់ខ្លួនរបស់លោកដែលចង់ចែកជូនប្រជាជនកម្ពុជាដឹងខ្លះៗតែប៉ុណ្ណោះ៕