វៀតណាម៖ សាលាដំបូងប្រជាជនក្រុងហូជីមិញ នៅថ្ងៃ១២ ខែមីនា ប្រកាសសាលក្រមផ្ដន្ទាទោសប្រហារជីវិតជនត្រូវចោទមនុស្សចំនួន ៤នាក់ ពីបទជួញដូរគ្រឿងញៀនដោយខុសច្បាប់ ក្នុងទ្រង់ទ្រាយយ៉ាងធំ។ ជនជាប់ជនទាំង៤នាក់រួមមានឈ្មោះ Nguyen Binh Dai, Mac Vinh Khiem, Thai Duy Quang និង Nguyen Binh Trieu។
យោងតាមសារព័ត៌មានវៀតណាម Vietnam Express ជនត្រូវចោទទាំង ៣នាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿងដដែល ខណៈបក្ខពួកផ្សេងទៀតត្រូវជាប់ពន្ធនាគារពី ២០ ទៅ ៣០ឆ្នាំ តាមកម្រិតនៃបទល្មើសរៀងៗខ្លួន។
យោងតាមសមត្ថកិច្ចវៀនណាម បណ្ដាញគ្រឿងញៀនដ៏សកម្មនេះ ត្រូវបានសមត្ថកិច្ចវៀតណាមបង្ក្រាបកាលពីចុងឆ្នាំ២០២២ ដោយដកហូតបានគ្រឿងញៀនចម្រុះប្រភេទសរុបរាប់សិបគីឡូក្រាម រួមមានប្រភេទ Ketamine, Methamphetamine និង MDMA ត្រូវបានលាក់ទុកនៅតាមទីតាំងជាច្រើនក្នុងទីក្រុង។
តុលាការបានរកឃើញថា បុគ្គលឈ្មោះ Nguyen Binh Dai គឺជាមេខ្លោងបញ្ជាឱ្យបក្ខពួកចែកចាយគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់ដល់អតិថិជន ដោយគ្រាន់តែមេខ្លោងរូបនេះម្នាក់ឯង ត្រូវទទួលខុសត្រូវលើគ្រឿងញៀនសរុបជិត ១០០ គីឡូក្រាម ជាបរិមាណដ៏ច្រើនលើសលប់ និង ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខសង្គមវៀតណាម៕