Img 1426
Swift cc time

ស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំកម្មវីធី«ប្រកួតទេពកោសល្យច្នៃប្រឌិត»សម្រាប់អតីតនិស្សិតមកពីបារាំង

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ ស្ថានទូតបារាំងសហការជាមួយ France Alumni កម្ពុជា នឹងរៀបចំការប្រកួតទេពកោសល្យច្នៃប្រឌិត ដើម្បីឱ្យបេក្ខជនអាចចែករំលែកពីបទពិសោធន៍ និងគំនិតច្នៃប្រឌិតរបស់ពួកគេទៅកាន់សហគមន៍អតីតនិស្សិត។ កម្មវិធីនេះ ធ្វើឡើងដើម្បីធ្វើជាផ្នែកមួយនៃកម្មវិធី France Alumni Day 2026។

យោងតាមគេហទំព័រផ្លូវការនៃស្ថានទូតបារាំង កម្មវិធីនេះជាកម្មវិធីប្រកួតជាវីដេអូ និងធ្វើបទបង្ហាញដែលបេក្ខជនអាចជ្រើសរើសធ្វើជាភាសាអង់គ្លេស ឬភាសាបារាំង។ បេក្ខជនដែលមានសិទ្ធចូលរួម ត្រូវតែជានិស្សិតដែលបានបញ្ចប់ថ្នាក់ឧត្តមសិក្សានៅប្រទេសបារាំង ដែលរួមមានថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។

បន្ថែមលើនេះ បេក្ខជនត្រូវធ្វើវីដេអូរយៈពេលមួយនាទី ដែលរួមមានការណែនាំខ្លួន បទពិសោធន៍នៃការសិក្សានៅប្រទេសបារាំង និងគំនិតពីគម្រោងដែលរៀបរាប់អំពី នវានុវត្តន៍ សហគ្រិនភាព វិទ្យាសាស្ត្រ​ ឬគំនិតផ្តួចផ្តើមផ្សេងទៀត។ បេក្ខជនអាចធ្វើជាភាសាអង់គ្លេសក៏បាន បារាំងក៏បាន។ បើបេក្ខជនមានចំណាប់អារម្មណ៍ អាចបំពេញព័ត៌មានបន្ថែម និងវិដេអូនៅក្នុង តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

បើតាមប្រភពដដែល កម្មវិធីនេះនឹងជ្រើសរើសអ្នកឈ្នះចំនួន ៦រូប ដែល៣រូបជាអ្នកនិយាយភាសាបារាំង និង៣រូបទៀតជាអ្នកនិយាយភាសាអង់គ្លេសទៅកាន់វគ្គផ្តាច់ព្រាត់។ ដំណាក់កាលនេះ បេក្ខជននឹងទទួលបានការបង្ហាត់បង្រៀនអំពីការការពារគម្រោងនៅលើឆាកផ្តាច់ព្រាត់នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ នៃទិវាអតីតនិស្សិតបារាំងលើកទី៤ នៅស្ថានទូតបារាំង។

គួរបញ្ជាក់ផងដែរថា បេក្ខជនជាម្ចាស់ជ័យលាភីនឹងទទួលបានសំបុត្រយន្តហោះភ្នំពេញប៉ារីស Tablet និងរង្វាន់លើកទឹកចិត្តជាច្រើនទៀតពីដៃគូសហការរបស់កម្មវិធី៕

Khcct banner

អត្ថបទទាក់ទង