ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ កំពុងជ្រើសរើសនិស្សិតចំនួន ២០នាក់ឱ្យចូលបម្រើការជាមន្រ្តីហាត់ការនៅទីនោះ។ ការជ្រើសរើសនេះ ផ្តោតទៅលើនិស្សិតដែលមានជំនាញពាក់ព័ន្ធនឹង ព័ត៌មានវិទ្យា បញ្ញាសិប្បនិម្មិត សន្តិសុខសាយប័រ និងផ្សព្វផ្សាយ ឬទីផ្សារឌីជីថល។
យោងតាមគេហទំព័រនៃអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថាឱកាសនេះ ផ្តល់ឱ្យសម្រាប់និស្សិត ឬអតីតនិស្សិតដែលទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលបានបញ្ចប់ឬកំពុងសិក្សា និងមានចំណេះដឹងមូលដ្ឋានដែលពាក់ព័ន្ធនឹងមុខជំនាញដែលបានរៀបរាប់ទាំងបួន។ លើសពីនេះ បេក្ខជនត្រូវតែមានឆន្ទៈចូលរួមការងារ មានវិន័យ និងមានទំនួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន ព្រមទាំងអាចបំពេញការងារទៅតាមការកំណត់របស់អគ្គនាយកដ្ឋាន។
បើតាមប្រភពដដែល បេក្ខជនអាចដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៥ មេសា ឆ្នាំ២០២៦ ដោយភ្ជាប់ជាមួយឯកសារដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សំបុត្រកំណើតថតចម្លង ឬសំបុត្របញ្ជាក់កំណើត អត្តសញ្ញាណប័ណ្ណ សញ្ញាបត្រអនុបណ្ឌិត ឬថ្នាក់បរិញ្ញាបត្រ ឬលទ្ធផលប្រឡងឆ្នាំសិក្សាមូលដ្ឋាន និងលិខិតបញ្ជាក់ពីការទទួលបានអាហារូបករណ៍ពីក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។
សូមជម្រាបថា បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ដូចជា ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងគោលការណ៍លើកទឹកចិត្តពិសេសផ្សេងៗតាមរយៈការការវាយតម្លៃការងាររបស់បេក្ខជន។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ០៩៩ ៣៤៥ ៤៣២(តេឡេក្រាម)៕