ក្រសួងអប់រំ៖ ក្រសួងអប់រំនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានប្រកាសអំពាវនាវដល់សប្បុរសជនទាំងអស់ចូលរួមឧបត្ថម្ភធនធាននានា សម្រាប់ជារង្វាន់លើកទឹកចិត្តដល់ជ័យលាភីសិស្សពូកែទូទាំងប្រទេសទាំងបីមុខវិជ្ជាដែលរួមមាន អក្សរសិល្បិ៍ខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ការប្រឡងសិស្សពូកែថ្នាក់ទី៩ និងទី១២នេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សដែលមានចំណេះ និងជំនាញខ្ពស់។
យោងតាមក្រសួងអប់រំ បានឱ្យដឹងថាសប្បុរសជនទាំងអស់អាចប្រគល់ ឬផ្ញើសម្ភារៈ និងថវិកា ទៅលោក គង់ ប៊ុនហាក់ ដែលមានទូរស័ព្ទលេខ ០៧៧ ៩៩៤ ២០០ នៅនាយកដ្ឋានកិច្ចការប្រឡង ស្ថិតនៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។ បន្ថែមពីនេះ សប្បុរសជនដែលបានឧបត្ថម្ភនឹងត្រូវបានអញ្ជើញជាចូលរួមក្នុង ពិធីបិទការប្រឡង ចែកវិញ្ញាបនបត្រ និងរង្វាន់ដល់សិស្សពូកែដែលនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្មាំ២០២៦ វេលាម៉ោង២រសៀល ដើម្បីទទួលបានលិខិតថ្លែងអំណរគុណពីក្រសួងអប់រំ យុវជន និងកីឡា។
គួរឱ្យដឹងថា ការប្រឡងសិស្សពូកែទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ៕