ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅក្នុងការបើកកម្មវិធីអំណានជាតិលើកទី១១ ក្រសួងអប់រំបានប្រកាសជាផ្លូវការនូវបេក្ខជនដែលជាម្ចាស់ជ័យលាភីនៃ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» ទៅតាមផ្នែកនីមួយៗដែលរួមមាន ផ្នែកអានអត្ថបទ(កម្រិតបឋមសិក្សា) ផ្នែកស្មូតកំណាព្យ(កម្រិតអនុវិទ្យាល័យ) ផ្នែកតែងនិពន្ធ(កម្រិតវិទ្យាល័យ) និងផ្នែកប្រលោមលោកខ្នាតខ្លី និងអត្ថបទឧស្សាហ៍កថា(កម្រិតសាធារណៈជន)។ ពិធីប្រកាសលទ្ធផលនេះ ធ្វើឡើងដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្តីក្រសួងអប់រំ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ ចំពោះផ្នែកអានអត្ថបទសម្រាប់កម្រិតបឋមសិក្សារកឃើញសិស្សជ័យលាភីចំនួន បីរូប។ ចំណាត់ថ្នាក់ទី១ កុមារី ហូរ ធារ៉ា (ថ្នាក់ទី៥) មកពីសាលាបឋមសិក្សាស្មែត ខេត្តកំពង់ឆ្នាំង។ចំណាត់ថ្នាក់ទី២ កុមារី ហឿង អាល័យពុទ្ធិរតន៍ (ថ្នាក់ទី៥) មកពីសាលាបឋមសិក្សាពោធិ៍ទី ខេត្តព្រៃវែង។ ចំណាត់ថ្នាក់ទី៣ កុមារី ភារី មុនីនិច្ច (ថ្នាក់ទី៦) មកពីសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុននាង ព្រែកកំពឹស រាជធានីភ្នំពេញ។
រីឯផ្នែកស្មូតកំណាព្យសម្រាប់សិស្សកម្រិតអនុវិទ្យាល័យវិញរួមមាន ចំណាត់ថ្នាក់ទី១ យុវសិស្ស សេវ សៀក (ថ្នាក់ទី៨) មកពីអនុវិទ្យាល័យបរកែវ ខេត្តរតនគិរី។ ចំណាត់ថ្នាក់ទី២៖ យុវសិស្ស កើត សុបុត្រា (ថ្នាក់ទី៩) មកពីវិទ្យាល័យ ច.ប ហ៊ុនសែន ជម្ពូវ័ន រាជធានីភ្នំពេញ។ចំណាត់ថ្នាក់ទី៣៖ យុវសិស្ស ម៉ៅ សាវិន (ថ្នាក់ទី៩) មកពីវិទ្យាល័យ ហ៊ុនសែន ណាំតៅ ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ ម្ចាស់ជ័យលាភីនៅក្នុងផ្នែកតែងនិពន្ធសម្រាប់សិស្សកម្រិតវិទ្យាល័យរួមមានចំណាត់ថ្នាក់ទី១ យុវសិស្ស សឿង ពិទូរ (ភេទប្រុស) (ថ្នាក់ទី១១) មកពីសាលារៀនសុវណ្ណភូមិទី៣៣ រាជធានីភ្នំពេញ។ ចំណាត់ថ្នាក់ទី២ យុវសិស្ស ឈឿងឡូវ ម៉ីលិ (ភេទស្រី) (ថ្នាក់ទី១២) មកពីសាលារៀនសុវណ្ណភូមិ ខេត្តសៀមរាប។ ចំណាត់ថ្នាក់ទី៣៖ យុវសិស្ស ឃុន សុខារ៉ាវីន (ភេទស្រី) (ថ្នាក់ទី១១) មកពីវិទ្យាល័យ ហ៊ុនសែន ចំការដូង ខេត្តកែប។
ជាចុងក្រោយ ផ្នែកប្រលោមលោកខ្នាតខ្លី និងអត្ថបទឧស្សាហ៍កថាដែលបើឱ្យប្រកួតសម្រាប់សាធារណៈជនទូទៅគឺ ផ្នែកប្រលោមលោកខ្នាតខ្លីរួមមាន ចំណាត់ថ្នាក់ទី១ លោក ជា តុងហៃ (ភេទប្រុស) (អ្នកនិពន្ធ) មកពីខេត្តតាកែវ។ ចំណាត់ថ្នាក់ទី២ អ្នកស្រី ង៉ុន យេត (ភេទស្រី) (គ្រូបង្រៀន សាលាបឋមសិក្សាច្រនៀង) មកពីខេត្តកំពង់ធំ។ ចំណាត់ថ្នាក់ទី៣ កញ្ញា វ៉េត សេងហ័ង (ភេទស្រី) (បុគ្គលិកអង្គការ អង្គការរូមធូរីដកម្ពុជា) មកពីខេត្តព្រៃវែង។ ផ្នែកអត្ថបទឧស្សាហ៍កថា ចំណាត់ថ្នាក់ទី១លោក គួន ភីរុន (ភេទប្រុស) (និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) មកពីខេត្តស្វាយរៀង។ ចំណាត់ថ្នាក់ទី២ លោក មុំ រដ្ឋា (ភេទប្រុស) (គ្រូបង្រៀន វិទ្យាល័យពេជ្រចិន្ដា) មកពីខេត្តបាត់ដំបង។ចំណាត់ថ្នាក់ទី៣ លោក ឡុង ឆវង្ស (ភេទប្រុស) (គ្រូបង្រៀន វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង) មកពីខេត្តកំពង់ឆ្នាំង៕
តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានអបអរសាទរចំពោះបេក្ខជនជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងវិញ្ញាសា តែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» នាឆ្នាំនេះ។ជាមួយគ្នានោះ លោកលើកទឹកចិត្តដល់បេក្ខជនដែលមិនទាន់ទទួលបានជ័យលាភី កុំឱ្យមានការបាក់ទឹកចិត្ត ឬបោះបង់ចោលនូវក្តីស្រមៃរបស់ខ្លួន ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងព្យាយាមដុសខាត់សមត្ថភាពបន្ថែមទៀត ដើម្បីឆ្ពោះទៅរកភាពជោគជ័យនាថ្ងៃខាងមុខ៕