មជ្ឈិមបូព៌ា៖ជម្លោះនៅតំបន់មជ្ឈិមបូព៌ាកំពុងក្លាយជា«មហន្តរាយសម្រាប់កុមាររាប់លាននាក់» ដោយយោងតាមរបាយការណ៍ចុងក្រោយបង្ហាញថា មានកុមារជាង ១,១០០ នាក់ បានរងរបួស ឬបាត់បង់ជីវិត ចាប់តាំងពីការបើកប្រតិបត្តិការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកុម្ភៈមក។នេះបើយោងតាមអង្គការ UNICEF ។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះ រួមមានកុមារប្រមាណ ២០០ នាក់នៅប្រទេសអ៊ីរ៉ង់, ៩១ នាក់នៅលីបង់, ៤ នាក់នៅអ៊ីស្រាអែល និង ម្នាក់នៅប្រទេសគុយវ៉ែត។ អង្គការ UNICEF បានសង្កត់ធ្ងន់ថា គ្មានហេតុផលណាមួយអាចយកមកធ្វើជាលេស ដើម្បីដោះសារចំពោះការសម្លាប់ ការបង្ករបួសស្នាមលើកុមារ ឬការបំផ្លិចបំផ្លាញប្រព័ន្ធសេវាចាំបាច់នានា ដែលកុមារកំពុងពឹងផ្អែកនោះឡើយ។
UNICEF អំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា និងងាកមករកការចរចាតាមផ្លូវការទូត ព្រមទាំងស្នើឱ្យគ្រប់ភាគីជៀសវាងការប្រើប្រាស់អាវុធផ្ទុះដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល ជាពិសេសគឺកុមារ។
គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់បានអូសបន្លាយរយៈពេលជិត២សប្ដាហ៍មកហើយ ហើយមកទល់ពេលនេះស្ថានការណ៍នៅតែមានភាពតានតឹងនៅឡើយ ដែលកាលពីពេលថ្មីៗនេះអ៊ីរ៉ង់ទើបតែបានដុតកប៉ាល់ចំនួន២របស់អ៊ីរ៉ាក់ និងវាយប្រហារលើលើឃ្លាំងផ្ទុកប្រេងក្នុងប្រទេសបារ៉ែន និងគម្រាមឡើងប្រេងដល់២០០ដូល្លារក្នុងមួយបារ៉ែល ជាការឆ្លើយតបថាដោយសារតែអាម៉េរិកនិងអ៊ីស្រាអែលជាអ្នកបង្កអស្ថេរភាពសន្តិសុខតំបន់។