681 ezgif.com resize
Swift cc time

សិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០»

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ នាថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ម៉ោង ១២:១៥ នាទីរសៀល, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" ក្រោមការសម្របសម្រួលនៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង “យុទ្ធ-សាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០” នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

សិក្ខាសាលានេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង មានការចូលរួមពីក្រសួង-ស្ថាប័ន, គ្រឹះស្ថានសាធារណៈ, ស្ថាប័ននិយ័តករ, ដៃគូអភិវឌ្ឍន៍, វិនិយោគិន, ក្រុមហ៊ុនសាជីវកម្ម, គ្រឹះស្ថានអប់រំ, ស្ថាប័នគាំទ្រធុរកិច្ចថ្មី, ធុរកិច្ចថ្មី និង សមាគមនានា នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា សរុបចំនួន ២៣០ រូប។សិក្ខាសាលានេះ មានគោលបំណងធំៗ ចំនួន២ គឺ (១) បង្ហាញពីវឌ្ឍនភាពការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រដល់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង (២) ពិភាក្សាលើយុទ្ធសាស្រ្តអាទិភាពទាំង ៥ របស់សេចក្ដីព្រាងនេះ ជាមួយតួអង្គសំខាន់ៗ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា។

សិក្ខាសាលានេះត្រូវបានចាប់ផ្តើមដោយមតិបើករបស់ លោកបណ្ឌិត គង់ ម៉ារី ។ នៅក្នុងមតិបើកកម្មវិធី លោកបណ្ឌិត បានគូសបញ្ជាក់ពីដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល, សាវតានៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តនេះ, ស្ថានភាពនៃការអភិវឌ្ឍធុរកិច្ចថ្មីក្នុងប្រទេស ក៏ដូចជាសារៈសំខាន់នៃការអនុវត្តយុទ្ធសាស្រ្តនេះ ក្នុងការរួមចំណែកសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

បន្ថែមពីនេះ សិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ដោយ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី ‘’តេជោ’’។ បន្ទាប់ពីបទបង្ហាញនេះ, សិក្ខាសាលានេះ ក៏មានកិច្ចពិភាក្សាលើវិធានការគន្លឹះនៃយុទ្ធសាស្រ្តអាទិភាពទាំង ៥ នៃសេចក្តីព្រាងយុទ្ធសាស្រ្ត រួមមាន (១) ការរៀបចំលិខិតបទដ្ឋានគាំទ្រ, (២) ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន, (៣) ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ, (៤) ការពង្រឹងសមត្ថភាពតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង (៥) ការតភ្ជាប់បណ្ដាញ និង ការពង្រីកទីផ្សារ។

សិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» នេះបានបញ្ចប់ទៅដោយទទួលបានផ្លែផ្កា ក្រោមស្មារតីសហការខ្ពស់ពីបណ្តាតួអង្គពាក់ព័ន្ធដែលបានចូលរួម ដែលនេះជាសញ្ញាណវិជ្ជមានក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា។

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្រោមការសម្របសម្រួលនៃគណៈកម្មាធិការ សេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងបន្តកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រជាតិនេះ ឱ្យកាន់តែមានភាពគត់មត់ និង គ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចថ្មីកម្ពុជាក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និង ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាឱ្យមានភាពរឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន៕


Khcct banner

អត្ថបទទាក់ទង