ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន ប្រកាសផ្តល់អាហារូបករណ៍ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រដល់និស្សិតដែលនៅក្នុងអាស៊ាន រួមមានកម្ពុជាផងដែរ។ អាហារូបករណ៍នេះ មានពីរប្រភេទគឺ ប្រភេទAសម្រាប់សិស្សដែលជ្រើសរើសភាសាអង់គ្លេស និងប្រភេទB សម្រាប់សិស្សដែលជ្រើសរើសទាំងភាសាជប៉ុន និងអង់គ្លេស។
យោងតាមគេហទំព័រផ្លូវការនៃ ERIA បានឱ្យដឹងថាអាហារូបករណ៍នេះនឹងផ្គត់ផ្គង់និស្សិតទៅលើថ្លៃសិក្សាកម្រិតថ្នាក់បរិញ្ញាបត្ររយៈពេល ៦ឆ្នាំ ដែលក្នុងរយៈពេលនេះ និស្សិតនឹងទទួលបានការបណ្តុះបណ្តាលនៅគ្លីនិកជប៉ុន ព្រមទាំងទទួលបានប្រាក់ឈ្នួលផងដែរ។ លើសពីនេះ សិស្សក៏ទទួលបានថ្លៃចំណាយលើការស្នាក់នៅ សៀវភៅសម្រាប់សិក្សា និងថ្លៃចំណាយសម្រាប់ការធ្វើដំណើរទៅមកផងដែរ។ បើសិនបេក្ខជនមានចំណាប់អារម្មណ៍អាចដាក់ពាក្យ ឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា សម្រាប់សិស្សដែលជ្រើសរើសតែភាសាអង់គ្លេស(ប្រភេទ A) និងត្រឹមថ្ងៃទី៣១ ខែសីហា សម្រាប់សិស្សដែលជ្រើសរើសទាំងភាសាអង់គ្លេស និងជប៉ុន (ប្រភេទB ផ្តល់ឱ្យសម្រាប់តែនិស្សិតស្រី )។
បើតាមប្រភពដដែល ចំពោះលក្ខណ្ឌនៃការដាក់ពាក្យគឺសម្រាប់សិស្សដែលនៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលកំពុងសិក្សាជំនាញវេជ្ជសាស្ត្រក្នុងឆ្នាំទី១ ឬទី២។ ចំពោះសិស្សដែលជ្រើសរើសប្រភេទA ត្រូវជាសិស្សទាំងពីរភេទដែលសិក្សានៅក្នុងសាកលវិទ្យាល័យដែលបានចុះអនុសញ្ញាយោគយល់គ្នាជាមួយ ERIA ។ រីឯ ប្រភេទBគឺផ្តល់ឱ្យសម្រាប់តែនិស្សិតស្រីនៅក្នុងសាកលវិទ្យាល័យវេជ្ជសាស្ត្រនៅក្នុងអាស៊ាន និងមានតេស្តភាសាជប៉ុន JLPT កម្រិត N1 ឬN2 ព្រមទាំងមានពិន្ទុ EJU ២០០ពិន្ទុ ដែលជាការធ្វើតេស្តសម្រាប់សិស្សអន្តរជាតិប្រឡងចូលរៀននៅសាកលវិទ្យាល័យប្រទេសជប៉ុន។
បន្ថែមពីលើនេះ សម្រាប់បែបបទនៃការដាក់ពាក្យសិស្សត្រូវទាញយកទម្រង់បែបបទចេញពី តំណភ្ជាប់ យកមកបំពេញ។ ជាមួយគ្នានេះ សិស្សក៏ត្រូវភ្ជាប់ជាមួយឯកសារមួយចំនួនដូចជា ព្រឹត្តិបត្រពិន្ទុដែលមានត្រាផ្លូវការ និងបកប្រែជាភាសាអង់គ្លេស។ អត្ថបទដែលរៀបរាប់ពីគោលបំណងក្នុងការសិក្សានៅប្រទេសជប៉ុន ថាហេតុអ្វីនិស្សិតមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់អាហារូបករណ៍ ចំណេះដឹងអំពីវិស័យសុខាភិបាល ជំនាញទន់ និងសមិទ្ធផលដែលសម្រេចបាន ផែនការសិក្សា និងអាជីពនាពេលអនាគត ( មានគំរូផ្តល់ឱ្យ) ដែលត្រូវតែតិចជាង ១០០០ពាក្យ។ ជាចុងក្រោយគឺលិខិតអនុសាសន៍ពីសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ និងលទ្ធផលតេស្តភាសាអង់គ្លេសប្រសិលបើមាន។ បន្ទាប់ពីមានឯកសារគ្រប់គ្រាន់ហើយ សិស្សត្រូវរៀបចំឯកសារទាំងអស់ ជាឯកសារតែមួយជាទម្រង់ PDF ហើយផ្ញើទៅកាន់អ៊ីមែល [email protected] , cc [email protected] និង [email protected] ដោយមានប្រធានបទ ‘Application for ASEAN-Japan Medical Scholarship Programme’។
គួរបញ្ជាក់ផងដែរថា សម្រាប់សិស្សដែលជ្រើសរើសប្រភេទA នឹងត្រូវទៅសិក្សានៅសាកលវិទ្យាល័យ University of Health and Welfare ហើយសិស្សដែលជ្រើសរើសប្រភេទB នឹងត្រូវទៅសិក្សានៅសាកលវិទ្យាល័យ Tokyo Women’s Medical University។ ចំពោះតេស្តតេស្ត JLPT និង EJU គឺតម្រូវសម្រាប់តែសិស្សដែលជ្រើសរើសសិក្សាភាសាជប៉ុន និងអង់គ្លេសតែប៉ុណ្ណោះ៕