ភ្នំពេញ៖ យោងតាមលទ្ធផលវាយតម្លៃលទ្ធផលសិក្សារបស់សិស្សទាំងកម្រិតតំបន់ SEA-PLM ឆ្នាំ២០២៤ បានបង្ហាញថា សិស្សកម្ពុជាទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ដោយមានពិន្ទុជាមធ្យមផ្នែកអំណានកើនឡើង ៦ពិន្ទុ (កើនឡើងពី ២៩០ ក្នុងឆ្នាំ២០១៩)។ អត្រាសិស្សដែលមានសមត្ថភាពអំណានខ្ពស់ (ពីកម្រិត៥ ឡើងទៅ) បានកើនឡើងពី ២៧% ក្នុងឆ្នាំ២០១៩ ដល់ ៣៩% ក្នុងឆ្នាំ២០២៤។ ក្នុងចំណោមប្រទេសដែលបានចូលរួមក្នុងការវាយតម្លៃ SEA-PLM ទាំង២លើក ពិន្ទុផ្នែកអំណាន របស់សិស្សកម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ (បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា)។
ថ្លែងក្នុងទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» នាព្រឹកថ្ងៃទី១១ ខែមីនានេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានជម្រាបជូននូវរបាយការណ៍វឌ្ឍនភាពស្តីពី ការរៀបចំទិវាជាតិអំណាន ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៥។
ជាមួយគ្នានេះ ក្រសួងបានចាត់វិធានការ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការសិក្សានៅកម្រិតថ្នាក់ដំបូងនៃបឋមសិក្សា ផ្តោតលើការអនុវត្តកញ្ចប់អំណានថ្នាក់ដំបូង ដោយពង្រីកការអនុវត្តកញ្ចប់អំណានសម្រាប់ថ្នាក់ទី១ ទី២ និងទី៣ ទូទាំងប្រទេស។ ក្រសួងបានដាក់បញ្ចូលកញ្ចប់អំណានថ្នាក់ដំបូងក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូទាំងក្នុងប្រព័ន្ធបណ្តុះបណ្តាល ១២+២ និង ១២+៤ ដើម្បីធានាបាននូវនិរន្តរភាព រួមទាំងការអនុវត្តយន្តការប្រឹក្សាគរុកោសល្យ។
នាឱកាសដ៏ពិសេសនេះ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញសេចក្តីរីករាយដែលបានចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១១នាថ្ងៃនេះ ក្នុងស្មារតីគោរពដឹងគុណវីរភាពរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានខិតខំតស៊ូពុះពារការពារមរតកវប្បធម៌អក្សរសាស្រ្តខ្មែរ និងដើម្បីលើកកម្ពស់វប្បធម៌អាន និងបណ្ដុះទម្លាប់អានពេញមួយជីវិតដល់សិស្ស និស្សិត និងប្រជាពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ សម្តេច ម៉ែន សំអន បានកោតសរសើរចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានខិតខំបំពេញបេសសកម្មតាមតួនាទីភារកិច្ច និងជម្រុញអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា ជាពិសេស ចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕