អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោញលើបណ្ដាញសង្គមX ដោយប្រកាសជាផ្លូវការអំពីការបង្កើតក្រុមហ៊ុន America First Refining ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីដំបូងគេបង្អស់ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ដែលមានទីតាំងស្ថិតនៅទីក្រុង Brownsville រដ្ឋតិចសាស់។ គម្រោងមហិមានេះត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃសេដ្ឋកិច្ចរហូតដល់ ៣០០ ប៊ីលានដុល្លារ ដោយមានកិច្ចសហការពីក្រុមហ៊ុនថាមពលយក្ស Reliance របស់ប្រទេសឥណ្ឌា។
លោក ត្រាំ បានសង្កត់ធ្ងន់ថា នេះគឺជាជំហានប្រវត្តិសាស្ត្រមួយក្នុងការសម្រេចឱ្យបាននូវ «អនុត្តរភាពថាមពល» សម្រាប់សហរដ្ឋអាម៉េរិក និងជួយបង្កើតការងាររាប់ពាន់កន្លែងជូនដល់ប្រជាពលរដ្ឋអាម៉េរិកាំង។ យោងតាមកាលវិភាគដែលបានប្រកាស គម្រោងនេះនឹងចាប់ផ្ដើមបើកការដ្ឋានសាងសង់ជាផ្លូវការនៅ ត្រីមាសទី២ នៃឆ្នាំ២០២៦ ខាងមុខនេះហើយ។
ទោះជាយ៉ាងណា ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថាតើការបើកការដ្ឋានសាងសង់នេះនឹងអាចប្រព្រឹត្តទៅបានរលូនតាមកាលវិភាគដែលបានគ្រោងទុកដែរឬទេ ខណៈដែលភាពតានតឹងនៃសង្រ្គាមជាមួយប្រទេសអ៊ីរ៉ង់នៅមិនទាន់មានសញ្ញាបញ្ចប់នៅឡើយ ដែលនេះបង្កជាបញ្ហាប្រឈមដល់ស្ថិរភាពទីផ្សារថាមពលសកល៕