ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានសម្រេចកាត់បន្ថយពន្ធនាំចូលលើផលិតផលប្រេងឥន្ធនៈសំខាន់ៗ និងវត្ថុធាតុដើមសម្រាប់ផលិតថាមពលមកនៅត្រឹម សូន្យភាគរយ ដើម្បីកាត់បន្ថយសម្ពាធលើការផ្គត់ផ្គង់ក្នុងស្រុក ចំពេលមានការរអាក់រអួលនៃការដឹកជញ្ជូនប្រេងតាមផ្លូវសមុទ្រហរម៊ុស។យោងតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលវៀតណាម វិធានការបណ្តោះអាសន្ននេះមានគោលបំណងជួយដល់សហគ្រាសក្នុងស្រុក ឱ្យមានលទ្ធភាពស្វែងរកប្រភពនាំចូលជំនួស ក្នុងស្ថានភាពដែលទីផ្សារប្រេងពិភពលោកកំពុងមានភាពមិនប្រាកដប្រជា។
ប្រភេទប្រេងដែលត្រូវបានបញ្ចុះពន្ធរួមមាន សាំងគ្មានសំណ ថយពី ១០% មកនៅត្រឹម ០%។ ធាតុផ្សំសម្រាប់លាយសាំង រួមមាន Naphtha និង Reformate ពី ១០% មកនៅត្រឹម ០%។ ប្រេងម៉ាស៊ូត ប្រេងខ្មៅ និងប្រេងយន្តហោះ កាត់បន្ថយពី ៧% មកនៅត្រឹម ០%។វត្ថុធាតុដើមគីមីឥន្ធនៈដូចជា Xylene និង Condensate កាត់បន្ថយពី ៣% មកនៅត្រឹម ០%។
វិធានការនេះបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៩ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ បន្ទាប់ពីកាលបរិច្ឆេទនេះ អត្រាពន្ធនឹងត្រូវត្រឡប់ទៅរកកម្រិតដើមវិញ លើកលែងតែរដ្ឋាភិបាលសម្រេចបន្តសុពលភាពបន្ថែម តាមការស្នើសុំពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងឥន្ធនៈ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
គួរបញ្ជាក់ថា ការសម្រេចចិត្តនេះកើតឡើងស្របពេលដែលការដឹកជញ្ជូនតាមច្រកសមុទ្រហរម៊ុស (Strait of Hormuz) ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់នាំចេញប្រេងឆៅពីមជ្ឈឹមបូព៌ា កំពុងជួបការរអាក់រអួលខ្លាំង ដែលបង្កជាក្តីបារម្ភដល់បណ្តាប្រទេសនៅអាស៊ីដែលពឹងផ្អែកលើប្រភពប្រេងពីតំបន់នេះ។