681 ezgif.com resize
Swift cc time

រដ្ឋាភិបាលថៃដាក់ចេញ«វិធានការបន្ទាន់» ឱ្យមន្រ្តីរដ្ឋ ធ្វើការពីផ្ទះ និងកាត់បន្ថយការប្រើប្រាស់ថាមពល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ រដ្ឋាភិបាលថៃបានប្រកាសដាក់ចេញនូវវិធានការសន្សំសំចៃថាមពលជាបន្តបន្ទាប់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នេះ ដោយបង្គាប់ឱ្យមន្ត្រីរាជការ និងបុគ្គលិកសហគ្រាសសាធារណៈចាប់ផ្តើមអនុវត្តការធ្វើការពីផ្ទះ (Work From Home) ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលដែលបណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។នេះបើតាមកាសែតThai PBS។

អ្នកស្រី ឡលីដា ភើរិសវិវឌ្ឍនា អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោកអនុទីន បានណែនាំឱ្យគ្រប់ស្ថាប័នរដ្ឋអនុវត្តការធ្វើការពីផ្ទះ ក្នុងផ្នែកណាដែលមិនប៉ះពាល់ដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានសម្រេចផ្អាករាល់ការបញ្ជូនមន្ត្រីទៅសិក្សា ឬចូលរួមវគ្គបណ្តុះបណ្តាលនៅក្រៅប្រទេស ដោយតម្រូវឱ្យងាកមកជួបជុំក្នុងស្រុកវិញ ដើម្បីកាត់បន្ថយចំណាយដែលមិនចាំបាច់។

ក្រៅពីការផ្លាស់ប្តូរទីកន្លែងធ្វើការ ក្រសួងថាមពលថៃក៏បានដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនដើម្បីឱ្យស្ថាប័នរដ្ឋធ្វើជាគំរូដល់វិស័យឯកជន រួមមាន ការកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ត្រឹម ២៦-២៧ អង្សាសេ នៅក្នុងអគាររដ្ឋាភិបាល និងលើកទឹកចិត្តឱ្យមន្ត្រីរាជការស្លៀកពាក់អាវដៃខ្លី ជំនួសឱ្យការពាក់អាវធំ (Suit) ឬចងក្រវាត់ក ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់អគ្គិសនីសម្រាប់ការត្រជាក់។ លើកលែងតែក្នុងករណីមានពិធីការផ្លូវការសំខាន់ៗប៉ុណ្ណោះ ទើបតម្រូវឱ្យស្លៀកពាក់តាមទម្រង់ដើម។

តាមការបញ្ជាក់របស់អ្នកនាំពាក្យរងរូបនេះ ស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ថិរភាពថាមពលរបស់ប្រទេសថៃ ដែលទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ផ្នែកទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចជាតិទាំងមូល។

Khcct banner

អត្ថបទទាក់ទង