ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យានិងកសិកម្ម បន្ថែមទៀត។ ការស្នើនេះធ្វើឡើងក្នុងពេលសម្តេច ឃួន សុដារី បានអនុញ្ញាតឲ្យលោក ជីយ៉ចជី ស៊ូច (György Such) អគ្គលេខាធិការ នៃរដ្ឋសភាហុងគ្រី និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសលោកដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនានេះ។
ក្នុងនាមរដ្ឋសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានរដ្ឋសភា មានសោមនស្សរីករាយជាខ្លាំង និងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ជីយ៉ចជី ស៊ូច ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលកម្ពុជា និងហុងគ្រី ពិនិត្យលើសក្តានុពលផ្សេងៗទៀត ក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ដូចជា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម អប់រំ បច្ចេកវិទ្យានិងទេសចរណ៍ ជាដើម។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនេះ ហើយចាត់ទុកថា ជាជំហានថ្មីមួយទៀត ដែលបង្ហាញពីលទ្ធផលជាក់ស្តែង នៃការអនុវត្តដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២៥ ដែលនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិសេស រវាងអគ្គលេខាធិការដ្ឋានទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀត។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាហុងគ្រីមកកាន់កម្ពុជានាពេលនេះ កើតចេញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសហុងគ្រី កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនោះ រដ្ឋសភាប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាហុងគ្រី ទាំងកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ហុងគ្រី គឺជាមិត្តចាស់របស់កម្ពុជា ជាមិត្តដែលមានការយោគយល់ ជឿជាក់ គោរពគ្នា និងស្មោះត្រង់។ ទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា–ហុងគ្រី បានឈានដល់ខួបទី៧០ឆ្នាំ ដែលបានឆ្លុះបញ្ចាំងនូវស្មារតីនៃចំណងមិត្តភាពដ៏យូរអង្វែង ប្រកបដោយភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការដ៏ល្អ។
រដ្ឋសភាប្រទេសទំាងពីរបានឱ្យតម្លៃចំពោះសន្តិភាព។ សន្តិភាពជាតម្រូវការរបស់ពលរដ្ឋគ្រប់ជាតិសាសន៍។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងថានៅក្នុងបរិបទស្មុគស្មាញរបស់ពិភពលោកនេះ “យើងត្រូវនាំគ្នាបញ្ចប់សង្រ្គាម បើមិនដូច្នេះសង្រ្គាមនឹងបញ្ចប់យើងទាំងអស់គ្នា”។
លោក ជីយ៉ចជី ស៊ូច បានគាំទ្រប្រសាសន៍របស់សម្តេចប្រធានរដ្ឋសភា និងបានបង្ហាញក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរ នឹងសម្រេចបានលទ្ធផលជាច្រើន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ ក៏ដូចជាវិស័យជាច្រើនទៀត ដូចជា ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ៕