ចិន៖ នាវាបំបែកស្រទាប់ដីក្រោមបាតសមុទ្រខ្នាតយក្សដំបូងបង្អស់ ដែលរចនា និងសាងសង់ដោយផ្ទាល់ដោយប្រទេសចិន ត្រូវបានប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃអង្គារ ទី១០មីនានេះ នៅក្រុង Zhoushan ខេត្ត Zhejiang។ នាវានេះមានកូដនាមថា Haiyang Shiyou 696 ដែលនឹងត្រូវដាក់ពង្រាយនៅតំបន់សមុទ្រ Bohai ដើម្បីធ្វើប្រតិបត្តិការបូមបញ្ច្រាសកម្លាំងទឹក (Hydraulic fracturing) ក្នុងគោលបំណងបង្កើនផលិតភាពទាញយកប្រេង និងឧស្ម័នពីស្រទាប់បាតសមុទ្រដែលមានដង់ស៊ីតេទាប។
តាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នាវាខ្នាតយក្សនេះ មិនត្រឹមតែជួយបំពេញចន្លោះខ្វះខាតផ្នែកបច្ចេកវិទ្យាវិស្វកម្មសមុទ្ររបស់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការពង្រឹងសមត្ថភាពសន្តិសុខថាមពលជាតិផងដែរ។
លោក Zhang Ming ប្រធានវិស្វករផ្នែកខួងនៅក្រុមហ៊ុន CNOOC បានគូសបញ្ជាក់ថា ចំណុចពិសេសនោះគឺ នាវានេះត្រូវបានបំពាក់ដោយមជ្ឈមណ្ឌលបញ្ជាវៃឆ្លាតដំបូងគេ ដែលប្រើប្រាស់ប្រព័ន្ធទិន្នន័យជាក់ស្តែង (Real-time data) និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មកជួយក្នុងការវិភាគ និងសម្រេចចិត្តលើរាល់ប្រតិបត្តិការបច្ចេកទេស ជំនួសឱ្យការប្រើប្រាស់បទពិសោធន៍ផ្ទាល់ខ្លួនដូចមុន ដែលធ្វើឱ្យការងារកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ និងមានសុក្រឹតភាពខ្ពស់។