ថៃ៖ ស្ថានីយប្រេងឥន្ធនៈនៅក្នុងក្រុងម៉ែសត ប្រទេសថៃ បានប្រកាសផ្អាកការលក់ប្រេងឱ្យរថយន្តដែលមានស្លាកលេខ មីយ៉ាន់ម៉ា បន្ទាប់ពីមានការសម្រុកឆ្លងដែនយ៉ាងច្រើនពីសំណាក់អ្នកបើកបរមកពីក្រុងម្យាវ៉ាទី ប្រទេសមីយ៉ាន់ម៉ា ដើម្បីមកចាក់ប្រេងក្នុងទឹកដីថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath។
អ្នកបើកបរជនជាតិមីយ៉ាន់ម៉ាម្នាក់ បានរៀបរាប់ថា លោកត្រូវបានស្ថានីយប្រេងជាច្រើនក្នុងក្រុងម៉ែសត បានបដិសេធមិនចាក់ប្រេងឱ្យពួកគេនោះឡើយ។
ប្រជាពលរដ្ឋក្នុងតំបន់បានលើកឡើងថា ក្រុងម្យាវ៉ាទី របស់មីយ៉ាន់ម៉ា ជាមួយព្រំដែនថៃ កំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរ ដោយសារខ្វះការផ្គត់ផ្គង់ក្នុងស្រុក ខណៈដែលការដឹកជញ្ជូនពីប្រទេសថៃត្រូវបានកាត់ផ្តាច់។ ស្ថានភាពអស្ថិរភាពនេះបានរុញច្រានឱ្យតម្លៃប្រេងនៅ «ទីផ្សារងងឹត» ហក់ឡើងខ្ពស់កប់ពពក ពោលគឺកើនឡើងពីជាង ៧,០០០ បាត (ប្រហែល ២១៧ ដុល្លារ) ក្នុងមួយបារ៉ែល ទៅដល់ជាង ២៥,០០០ បាត (ប្រហែល ៧៧៥ ដុល្លារ)។
វិបត្តិទីផ្សារប្រេងសកល បានធ្វើឱ្យ ស្ថានីយប្រេងភាគច្រើនក្នុងក្រុងម្យាវ៉ាទី ប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមកម្រិតម៉ោងលក់របស់ខ្លួនតាំងពីដើមខែមីនាមក ដែលជាហេតុបង្ខំឱ្យអ្នកបើកបរជាច្រើនសម្រេចចិត្តឆ្លងដែនចូលមកចាក់ប្រេងនៅក្នុងក្រុងម៉ែសត ប្រទេសថៃវិញ។
ថៃបានប្រកាសប្រើប្រាស់កញ្ចប់មូលនិធិថវិកាប្រេង ដើម្បីកាត់បន្ថយចំណាយពលរដ្ឋ ដោយតម្លៃប្រេងនៅរក្សាត្រឹម២៩,៩៤ បាត ក្នុងមួយលីត្រ(ស្មើរនឹងជិត៣៧០០រៀល)ដដែល រយៈពេល១៥ថ្ងៃ។វិធានការនេះហើយ ដែលធ្វើឱ្យរថយន្តពីខាងមីយ៉ាន់ម៉ាព្យាយាមឆ្លងដែនមកចាក់ប្រេងក្នុងតម្លៃទាបនៅខាងដីថៃ៕