ភ្នំពេញ៖ Smile Architect Dentistry (S.A.D) បានធ្វើការសហការគ្នាជាមួយ Global Dental Collective ដែលជាសមាគមន៍ទន្តសាស្រ្តមានទីតាំងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នឹងរៀបចំកម្មវិធីDental Journey: The Last Chapter ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងអ្នកនៅក្នុងវិស័យទន្តសាស្រ្តទាំងអស់(រួមទាំងអ្នកបច្ចេកទេសផលិតគ្រាប់ធ្មេញ) ដើម្បីបង្កើតទំនាក់ទំនង រៀនពីគ្នា និងបង្កើននវានុវត្តក្នុងវិស័យ ទន្តសាស្រ្តទាំងមូល។
ក្នុងកិច្ចសហការនេះ Dr. Mehy Lo Presti ដែលជាសហស្ថាបនិកនៃ Global Dental Collective បានអនុញ្ញាតឲ្យក្រុមការងារ S.A.D ប្រើប្រាស់កម្មសិទ្ធិ និង logo របស់ DENTORAMA ជាផ្លូវការនៅក្នុងកម្មវិធី Dental Journey: The Last Chapter ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅ Factory Phnom Penh ។
Dentorama មកពីពាក្យថា Dental + Drama ដែលជាគំនិត និងជាបញ្ចូលគ្នារវាង វិស័យទន្តសាស្ត្រ (Dental) និង សិល្បៈសម្តែង ដែលបង្ហាញពីតថភាពពិត ដែលនិស្សិតទន្តសាស្រ្ត និង ទន្តពេទ្យជួបប្រទះ ក្នុងជីវិតប្រចាំថ្ងៃ នៅក្នុងវិស័យទន្តសាស្រ្ត។
គួរបញ្ជាក់ផងដែរថា DENTORAMA ត្រូវបានរៀបចំឡើងដោយក្រុមនិស្សិត (S.A.D) ម្តងរួចមកហើយ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងកម្មវិធី Dental Journey - Special Edition ដែលពេលនោះ ក្រុមការងាររៀបចំ បានបង្កើតទស្សនីយភាពជាច្រើនលាយឡំគ្នាពីតថភាពជីវិតពិតៗ ទាំងសើច កំសត់ យំ ចាក់ដោតអារម្មណ៍អ្នកទស្សនាដល់ថ្នាក់ទប់ទឹកភ្នែកមិនបាន ដែលធ្វើឲ្យបរិយាកាសនៅថ្ងៃនោះពោរពេញទៅដោយ បទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។