អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេសស្គីន (Masoud Pezeshkian) នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ជាតិ កាលពីថ្ងៃ៧ មីនា បានប្រកាសទាត់ចោលរាល់ការទាមទាររបស់លោក ដូណាល់ ត្រាំ ដែលបង្ខំឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ដោយលោកបានចាត់ទុកថាវាគ្រាន់តែជា «ក្តីសុបិន» តែប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ប្រជាជាតិអ៊ីរ៉ង់នឹងមិនលុតជង្គង់ចុះចាញ់ជាដាច់ខាត បើទោះបីជាត្រូវប្រឈមមុខនឹងការវាយប្រហារយ៉ាងចាស់ដៃពីសំណាក់អាម៉េរិក និងអ៊ីស្រាអែលក៏ដោយ។នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។
ជាមួយគ្នានេះ លោក ម៉ាស៊ូដ ប៉េសេសស្គីន ក៏បានបង្ហាញយុទ្ធសាស្ត្រថ្មីមួយ ដើម្បីកាត់បន្ថយកម្ដៅក្នុងតំបន់ ដោយបានធ្វើការសុំទោសទៅកាន់ប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ ចំពោះការប៉ះពាល់នាពេលកន្លងមក។
លោកបានសន្យាថា អ៊ីរ៉ង់នឹងមិនវាយប្រហារលើប្រទេសជិតខាងឡើយ ប្រសិនបើប្រទេសទាំងនោះមិនសហការ ឬមិនអនុញ្ញាតឱ្យកងទ័ពអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពលើទឹកដីរបស់ខ្លួន ដើម្បីធ្វើជាឈ្នាន់វាយប្រហារមកលើអ៊ីរ៉ង់។
ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានព្រមានវិញភ្លាមៗតាមបណ្តាញសង្គម Truth Social ថា អ៊ីរ៉ង់នឹងត្រូវប្រឈមនឹង «ការបំផ្លិចបំផ្លាញទាំងស្រុង» ប្រសិនបើមិនព្រមបញ្ឈប់ការតតាំង។ លោក ត្រាំ ចាត់ទុកការផ្ដល់លក្ខខណ្ឌរបស់អ៊ីរ៉ង់ទៅកាន់ប្រទេសជិតខាងថា ជាសញ្ញានៃភាពទាល់ច្រក បន្ទាប់ពីប្រព័ន្ធការពារអាកាសរបស់អ៊ីរ៉ង់ជិត ៨០% ត្រូវបានកម្ទេចដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងអាម៉េរិក៕