មជ្ឈិមបូព៌ា៖ វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាដែលផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៦ បានរុញច្រានឱ្យតម្លៃសំបុត្រយន្តហោះអន្តរជាតិហក់ឡើងខ្ពស់ដល់ទៅ ៩០០% បន្ទាប់ពីជើងហោះហើរជាង ២៣,០០០ ជើង ត្រូវបានលុបចោលជាបន្តបន្ទាប់។ ការវាយប្រហារតាមអាកាសរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានបង្ខំឱ្យមានការបិទដែនអាកាសនៅតាមបណ្តាប្រទេសជាច្រើន រួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ កាតា និងអេមីរ៉ាតអារ៉ាប់រួម ដែលនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Emirates និង Qatar Airways ត្រូវផ្អាកប្រតិបត្តិការស្ទើរទាំងស្រុង។
តាមប្រព័ន្ធផ្សព្វផ្សាយMothership ស្ថានភាពនេះបានធ្វើឱ្យអ្នកដំណើររាប់លាននាក់សម្រុកទៅរកក្រុមហ៊ុនដែលអាចហោះជៀសតំបន់សង្គ្រាមបាន ដូចជា Singapore Airlines ជាដើម ដែលបណ្ដាលឱ្យសំបុត្រយន្តហោះថ្នាក់ធម្មតា (Economy) សម្រាប់ប្រភេទយន្តហោះទៅតែម្ដង(One-way ticket) ពីទីក្រុងឡុងដ៍ មកសិង្ហបុរី កើនឡើងរហូតដល់ $10,916 ដូល្លារស៊ីងហ្គាពួរ (ប្រហែល ៨,១០០ ដុល្លារ) ក្នុងមួយជើង។
ស្របពេលជាមួយគ្នានេះ តម្លៃថាមពលពិភពលោកក៏បានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការរអាក់រអួលនៃការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz។
គួរបញ្ជាក់ថា តម្លៃសាំងនៅអាម៉េរិកបានហក់ឡើងដល់ $3.25/ហ្គាឡុង (៣,៥០០ រៀល/លីត្រ) ដែលបង្កជាក្ដីបារម្ភដល់មន្ត្រីសេតវិមានរឿងចាញ់ឆ្នោតពាក់កណ្ដាលអាណត្តិក្នុងខែវិច្ឆិកា តែលោកត្រាំ នៅតែរក្សាជំហររឹងមាំ ដោយផ្ដល់អាទិភាពលើ ប្រតិបត្តិការយោធាប្រឆាំងអ៊ីរ៉ង់ និងរំពឹងថាជម្លោះនឹងបញ្ចប់ក្នុងរយៈពេលខ្លី (៤-៥ សប្តាហ៍) ដែលនឹងធ្វើឱ្យតម្លៃសាំងធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័ស។