សេតវិមាន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារ Reuters ថា លោកមិនមានការព្រួយបារម្ភចំពោះការហក់ឡើងនៃតម្លៃប្រេងសាំង ដែលបង្កឡើងដោយជម្លោះជាមួយអ៊ីរ៉ង់នោះទេ។ លោកបានសង្កត់ធ្ងន់ថា ប្រតិបត្តិការយោធាគឺជាអាទិភាពចម្បង ហើយតម្លៃប្រេងនឹងធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័សនៅពេលសង្រ្គាមបញ្ចប់។ បើទោះបីជាតម្លៃប្រេងសាំងជាមធ្យមនៅអាម៉េរិកបានកើនឡើងដល់ $3.25 ក្នុងមួយហ្គាឡុង(ស្មើនឹងប្រហែល៣,៥០០ រៀល ក្នុងមួយលីត្រ)ក៏ដោយ ក៏លោក ត្រាំ នៅតែយល់ថាវា «មិនទាន់ឡើងថ្លៃខ្លាំងពេកទេ»។
ផ្ទុយពីការលើកឡើងនេះ មន្ត្រីជាន់ខ្ពស់សេតវិមានបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា ការឡើងថ្លៃប្រេងសាំងអាចជា «មហន្តរាយ» សម្រាប់គណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកាខាងមុខ។ បច្ចុប្បន្ន ក្រុមការងារសន្តិសុខជាតិ និងថាមពល កំពុងប្រញាប់ប្រញាល់ពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុនប្រេងធំៗ ដើម្បីស្វែងរកវិធានការបញ្ចុះតម្លៃ។
នៅក្នុងកិច្ចសម្ភាសន៍ដដែល លោក ត្រាំ បានច្រានចោលការប្រើប្រាស់ប្រេងបម្រុងយុទ្ធសាស្ត្រ (SPR) នៅពេលនេះ ដោយលោកជឿជាក់ថា ច្រកសមុទ្រ Hormuz នឹងនៅតែបើកចំហសម្រាប់ការដឹកជញ្ជូន ព្រោះកងទ័ពជើងទឹកអ៊ីរ៉ង់ត្រូវបានកម្ទេចស្ទើរទាំងស្រុង។
លោក ត្រាំ មានទំនុកចិត្តដោយបានកំណត់កាលវិភាគប្រតិបត្តការយោធាប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលពី ៤ ទៅ ៥ សប្តាហ៍ ដោយរំពឹងថាជម្លោះនេះនឹងមានរយៈពេលខ្លី។