ភ្នំពេញ៖ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកគ្រូជាប់កិច្ចសន្យាមួយរូបនៃសាលាបឋមសិក្សា ក្នុងខេត្តពោធិ៍សាត់។ សកម្មភាពដូចនេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គ្រូបង្រៀន ជាពិសេសសកម្មភាពអសីលធម៌នៅក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៦ ខែមីនានេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកសកម្មភាពថតវីដេអូ និងការប្រើពាក្យសំដីមិនសមរម្យរបស់បុគ្គល មួយរូប ដែលបានចូលធ្វើសកម្មភាពរំខានដល់ការបំពេញការងារ និងរៀនសូត្ររបស់សិស្ស នៅក្នុងបរិវេណសាលារៀន គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់កិត្តិយសមន្ត្រីរាជការ ជាពិសេសគ្រូបង្រៀនជាស្ត្រី ដែលជារៀងមក ក្រសួង និងរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់តម្លៃ និងការគោរពចំពោះមន្ត្រីរាជការ បុគ្គលិកអប់រំទាំងអស់ ជាពិសេសគ្រូបង្រៀនជាស្ត្រីទាំងមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា។
សកម្មភាពរបស់បុគ្គលខាងលើ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។ ក្នុងន័យនេះ ក្រសួងស្នើឱ្យម្ចាស់គណនី Facebook និងអ្នកដែលបានចែកចាយបន្ត សូមលុបវីដេអូនេះចេញជាបន្ទាន់ពីគ្រប់បណ្តាញសង្គម។ ក្នុងករណីដែលមានសកម្មភាពដូចនេះ ឬសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ គ្រូបង្រៀន ជាពិសេសសកម្មភាពអសីលធម៌នៅក្នុងបរិវេណសាលារៀន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕