681 ezgif.com resize
Swift cc time

អង់គ្លេសបញ្ជូន«យន្តហោះចម្បាំង»បួនគ្រឿងទៀតទៅមជ្ឈិមបូព៌ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
 នាយករដ្ឋមន្រ្តីអង់គ្លេសលោក ឃៀ ស្តារមើរ (Keir Starmer) 

អង់គ្លេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក ឃៀ ស្តារមើរ (Keir Starmer) បានប្រកាសកាលពីល្ងាចថ្ងៃទី ៥ ខែ មីនា ថាអង់គ្លេសបានបញ្ជូនយន្តហោះចម្បាំង Typhoon ចំនួនបួនគ្រឿងបន្ថែមទៀតនិងកំពុងត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសកាតា ដោយមានឧទ្ធម្ភាគចក្រ Wildcat ចំនួនពីរគ្រឿងបំពាក់ដោយមីស៊ីលប្រឆាំងយន្តហោះគ្មានមនុស្សបើកកំពុងឆ្ពោះទៅកាន់ប្រទេសស៊ីប។ លោកថាចក្រភពអង់គ្លេសនឹងបញ្ជូនសម្ភារៈយោធាបន្ថែមទៅកាន់មជ្ឈិមបូព៌ាដើម្បីការពារសុវត្ថិភាពរបស់ប្រជាជនអង់គ្លេសដែលមានវត្តមានក្នុងតំបន់ជម្លោះ។

ថ្លែងក្នុងការផ្តល់ព័ត៌មានថ្មីៗអំពីការចូលរួមរបស់ចក្រភពអង់គ្លេសនៅក្នុងជម្លោះរបស់អាម៉ែរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមកាលពីថ្ងៃថ្ងៃសៅរ៍ទី ២៨ ខែ កុម្ភៈ នាយករដ្ឋមន្ត្រីអងើគ្លេសបានគូសបញ្ជាក់ថា យន្តហោះចម្បាំងបន្ថែមចំនួនបួនគ្រឿងកំពុងត្រូវបានបញ្ជូនទៅតំបន់មជ្ឈិមបូព៌ា លោកថាអង់គ្លេសកំពុងឆ្លើយតបទៅនឹងសំណើពីសម្ព័ន្ធមិត្តនៅក្នុងតំបន់សម្រាប់ជំនួយបន្ថែមទៀត។

បើតាមលោកឃៀ ស្តារមើរ "ខ្ញុំអាចប្រកាសនៅថ្ងៃនេះថា យើងកំពុងបញ្ជូនយន្តហោះ Typhoon ចំនួនបួនគ្រឿងបន្ថែមទៀតដើម្បីចូលរួមជាមួយកងអនុសេនាធំរបស់យើងនៅក្នុងប្រទេសកាតា ដើម្បីពង្រឹងប្រតិបត្តិការការពាររបស់យើងនៅក្នុងប្រទេសកាតា និងទូទាំងតំបន់"។ ហើយឧទ្ធម្ភាគចក្រ Wildcat ចំនួនពីរគ្រឿងដែលបំពាក់ដោយអាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើកនឹងមកដល់ប្រទេសស៊ីបនៅថ្ងៃសុក្រជាកន្លែងដែលមូលដ្ឋាន RAF របស់អង់គ្លេស មួយត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ។

លោក ស្តារមើរ បានប្រាប់ទៀតថាជើងហោះហើរជម្លៀសលើកដំបូងពីប្រទេសអូម៉ង់ទៅកាន់ចក្រភពអង់គ្លេសបានចេញដំណើរនៅម៉ោងប្រហែល ២ រសៀលកាលពីថ្ងៃព្រហស្បតិ៍។ លោកថាមានពលរដ្ឋអង់គ្លេសជាង ១៤០,០០០ នាក់បានចុះឈ្មោះវត្តមានរបស់ពួកគេនៅមជ្ឈិមបូព៌ា ជាមួយនឹងក្រុមដាក់ពង្រាយរហ័សពីក្រសួងការបរទេសនៅអូម៉ង់ និងអារ៉ាប៊ីសាអូឌីត ហើយមនុស្សជាង ៤,០០០ នាក់បានមកដល់ចក្រភពអង់គ្លេសវិញតាមជើងហោះហើរពាណិជ្ជកម្មពី UAE៕

Khcct banner

អត្ថបទទាក់ទង