ភ្នំពេញ៖ ស.ស.យ.ក បម្រើការនៅក្រសួងព្រះបរមរាជវាំង សហការជាមួយនឹងសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកម្មវិធីប្រកួតតែងចម្រៀង និងកំណាព្យក្រោមប្រធានបទ “អបអរសាទរខួបចម្រើនព្រះជន្ម គម្រប់៩០ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត" ។ ការប្រកួតនេះមានគោលបំណងផលិតចម្រៀង និងកំណាព្យដ៏ល្អប្រណីតដើម្បីអបអរសាទរ និងសម្តែងនូវសេចក្តីកត្តញ្ញូតាធម៌កតវេទីថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ ចំពោះព្រះគុណ ដែលទ្រង់បានឧទ្ទិសជិវិតរបស់ព្រះអង្គ លះបង់ដើម្បីជាតិខ្មែរ។
យោងតាមសេចក្តីណែនាំរបស់ ស.ស.យ.ក ការប្រកួតនេះបើកជូនសម្រាប់សាធារណៈជនទូទៅដោយមិនកំណត់អាយុ ភេទ សញ្ជាតិ ការប្រកួតជាក្រុម ឬបុគ្គលឡើយ។ បេក្ខជនត្រូវតែងកំណាព្យ ឬចម្រៀងដែលទាក់ទងនឹងប្រធានបទខាងលើដោយបញ្ចូលនូវអត្ថន័យដែលរំ់ឮកដល់ព្រះរាជគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គតែងលះបងព្រះកាយពល ព្រះបញ្ញាញាណ និងព្រះរាជបរិច្ចាគនូវទ្រព្យសម្បត្តិជួយដល់វិស័យនានា ដែលទាក់ទងនឹងជីវភាពរស់នៅរបស់ប្រជាជន។បេ្ខជនត្រូវគោរពតាមលក្ខខណ្ឌនានាដែលគណកម្មការរៀបចំបានកំណត់។
បើតាមប្រភពដដែល ចំពោះការប្រកួតនិពន្ធចម្រៀង បេក្ខជនត្រូវតែងជាភាសាខ្មែរ ហើយត្រូវប្រើពាក្យសុំចូលរួម និងស្នាដៃជាទម្រង់MP3 ព្រមទាំងអត្ថបទចម្រៀង ។ គណកម្មការជ្រើសរើស នឹងជ្រើសរើសម្ចាស់ជ័យលាភីម្នាក់ ដើម្បីទទួលពានរង្វាន់ និងប្រាក់ឧបត្ថម្ភ ៩លានរៀល។ រីឯកំណាព្យវិញ បេក្ខជនត្រូវតែងជាភាសាខ្មែរ និងមានចំនួន ១០ល្បះ។បេក្ខជនជ័យលាភីមួយរូប នឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ ៤លានរៀល។
គួរបញ្ជាក់ផងដែរថា បេក្ខជនត្រូវត្រូវផ្ញើស្នាដៃរបស់ខ្លួនទៅកាន់គណកម្មការរៀបចំតាមរយៈ អាសយដ្ឋាន ឬតាមប្រព័ន្ធតេឡេក្រាម081971782 ឱ្យបានត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ សម្រាប់ពាក្យសុំចូលរួម និងពត៌មានផ្សេងៗ សូមចុចលើតំណភ្ជាប់ដើម្បីចូលរួមក្នុងគ្រុបតេលេក្រាមខាងក្រោមនេះ៖ https://t.me/+pjrSayjXLXhkZmY1។បេក្ខជនត្រូវតែប្រាកដថា ស្នាដៃរបស់ខ្លួនជាសាច់ភ្លេង ឬកំណាព្យដែលមិនធ្លាប់ផ្សាយ ឬបង្ហាញជាសាធារណៈពីមុនមក៕