ភ្នំពេញ៖ រោងចក្រ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ដើម្បីការពារកុំឱ្យមានការដួលសន្លប់ក្នុងអំឡុងពេលបំពេញការងារក្នុងរដូវក្តៅ។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី៤ ខែមីនា។
លោក ស៊ុន មេសា បានលើកឡើងថា ការគិតគូរយកចិត្តទុកដាក់ពីសំណាក់រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីធានាថា បរិយាកាសនៅកន្លែងធ្វើការរក្សាបានភាពល្អប្រសើរ ប្រកបដោយសុវត្ថិភាព និងការពារកុំឱ្យមានការដួលសន្លប់ក្នុងពេលបំពេញការងារ នៅពេលអាកាសធាតុក្តៅ។
ដើម្បីបង្ការនារដូវក្តៅ ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ត្រូវអនុវត្តវិធានការចាំបាច់មួយចំនួន រួមមាន ការត្រួតពិនិត្យ និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់ ១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ បើកបង្អួច ទ្វារទាំងអស់ ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន លំហូរខ្យល់គ្រប់គ្រាន់ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព។
អ្នកនាំពាក្យរូបនេះ ជំរុញឱ្យក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងអស់ ផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ ស្លៀក សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ជាមួយគ្នានោះ អាចបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច ២ដង ក្នុង១ថ្ងៃ,ចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ និងបង្កើនការអប់រំនិងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត និងក្រើនរំឭក អំពីវិធានការទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស គ្រឹះស្ថាន៕