អ៊ីរ៉ង់៖ ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលបានលួចចូលគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពនាៗតាមដងផ្លូវនៃប្រទេសអ៊ីរ៉ង់អស់ជាច្រើនឆ្នាំ និងបានកំណត់ទីតាំង សកម្មភាពប្រចាំថ្ងៃរបស់មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់និងទីបំផុតបើការវាយប្រហារសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀតកាលពីថ្ងៃទី ២៨ ខែ កុម្ភៈ។ តាមរបាយការណ៍ពីសារព័ត៌មាន Financial Times បានរាយការណ៍ថាអ៊ីស្រាអែលបានសម្រេចជោគជ័យក្នុងយុទ្ធនាការលួចចូល (Hack) ប្រព័ន្ធកាមេរ៉ាចរាចរណ៍ស្ទើរតែទាំងអស់ក្នុងទីក្រុងតេអេរ៉ង់អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីតាមដានរាល់ចលនារបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei និងក្រុមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ រហូតដល់ថ្នាក់ពួកគេអះអាងថាស្គាល់ភូមិសាស្ត្រក្រុងតេអេរ៉ង់ច្បាស់ដូចក្រុងហ្សេរុយសាឡឹម និងបើកប្រតិបត្តិការសម្លាប់ដោយជោគជ័យ។
តាមប្រភពព័ត៌មានដដែល កិច្ចប្រតិបត្តិការធ្វើឃាតនេះ ត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ជាច្រើនខែ ដោយប្រើប្រាស់ទិន្នន័យតាមពេលវេលាជាក់ស្តែង (Real-time data) ដើម្បីតាមដានវដ្តមានមេដឹកនាំកំពូលរូបនេះ។ នៅថ្ងៃកើតហេតុ កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅពេលថ្ងៃត្រង់ ដើម្បីបង្កើតឱ្យមានការភ្ញាក់ផ្អើលជាយុទ្ធសាស្ត្រ ទោះបីជាអ៊ីរ៉ង់មានការត្រៀមលក្ខណៈការពារខ្ពស់ក៏ដោយ។ប្រព័ន្ធសាយប័រត្រូវបានប្រើប្រាស់ដើម្បីកាត់ផ្តាច់បណ្តាញទំនាក់ទំនង និងសេវាទូរស័ព្ទក្នុងតំបន់ ធ្វើឱ្យសត្រូវមានភាពច្របូកច្របល់ និងបាត់បង់សមត្ថភាពឆ្លើយតប។
លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា មេដឹកនាំកំពូលរូបនេះ រួមជាមួយមន្ត្រីជំនិតៗ ត្រូវបានកម្ចាត់ចោលភ្លាមៗ ខណៈពេលកំពុងស្រូបភោជនាហារពេលព្រឹក ថ្ងៃ២៨កុម្ភៈ រីឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានទទួលស្គាល់ថា សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារ «ការពារទុកមុន» (Preemptive strikes) ដើម្បីទប់ស្កាត់ការសងសឹកមកលើកងទ័ពខ្លួន បន្ទាប់ពីទទួលបានដំណឹងពីគម្រោងវាយប្រហាររបស់អ៊ីស្រាអែល៕