ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់Manaaki ផ្តល់ការសិក្សាកម្រិតឧត្តមសិក្សាដោយឥតគិតថ្លៃ ដែលរួមមានថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ អាហារូបករណ៍នេះ នឹងបើកទទួលពាក្យរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
បើតាមគេហទំព័រហ្វេសប៊ុកនៃ New Zealand Scholarships - Cambodia បានឱ្យដឹងថា អាហារូបករណ៍សិក្សានៅប្រទេសនូវែលសេឡង់ ត្រូវបានផ្តល់ជូនសម្រាប់សិស្សនិស្សិតសញ្ជាតិខ្មែរ ដែលមានអាយុក្រោម ៣៩ឆ្នាំ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសកម្ពុជាដែលមានបទពិសោធន៍ការងារយ៉ាងហោចណាស់ចន្លោះ ១ ឆ្នាំទៅ ២ ឆ្នាំ។សម្រាប់ថ្នាក់អនុបណ្ឌិត តម្រូវឱ្យសិស្សមានសញ្ញាបត្របញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានភ្ជាប់ជាមួយនឹងប្រតិបត្តិពិន្ទុពេញលេញ ចំណែកឯថ្នាក់បណ្ឌិតតម្រូវឱ្យសិស្សបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត។
មុខជំនាញដែលអាចដាក់អាហារូបករណ៍មានវិស័យធំៗចំនួន៩ គឺ ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន , ភាពធន់នឹងបរិស្ថាន និងវិស័យឯកជន, ការអប់រំ, សុវត្ថិភាពចំណីរអាហារ និងកសិកម្ម, អភិបាលកិច្ច, សន្តិភាព សន្តិសុខ និងយុត្តិធម៌, ឧស្សាហកម្ម, បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន។ ដើម្បីដាក់ពាក្យសិស្សអាចចូលទៅកាន់ តំណភ្ជាប់ ហើយដាក់ពាក្យឱ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា អាហារូបករណ៍នេះផ្តល់ជូនចំពោះសិស្សដែលមានឆន្ទៈចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឬ សង្គម ក្រោយបញ្ចប់ការសិក្សា៕