ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា លោកស្រី Teo Lay Cheng បានថ្លែងចាត់ទុកសម្ដេច ហ៊ុន សែន ថាជារដ្ឋបុរសរបស់កម្ពុជា និងបានហៅប្រទេសកម្ពុជាថាជាប្រទេសដ៏អស្ចារ្យ។ លោកស្រីឯកអគ្គរដ្ឋទូត លើកឡើងថារាល់ពេលដែលលោកស្រីបានជួបសម្ដេចហ៊ុន សែន លោកស្រីតែងតែបានរៀនសូត្រ និងបានស្ដាប់នូវបទពិសោធដ៏កម្ររបស់សម្ដេចដែលបង្កើននូវពុទ្ធិយ៉ាងច្រើនដល់លោកស្រីផងដែរ។
ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា ដោយបញ្ចប់បេសកកម្មការទូតនៅកម្ពុជា សម្ដេច ហ៊ុន សែន បានស្វាគមន៍ចំពោះលោកស្រី Teo Lay Cheng ហើយក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់លោកស្រីឯកអគ្គរដ្ឋទូតផងដែរ។ សម្ដេចបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលលោកស្រីបានខិតខំប្រឹងប្រែងក្នុងការពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីឱ្យមានភាពល្អប្រសើរ។
ជាមួយគ្នានោះ សម្ដេច ហ៊ុន សែន បានចែករំលែកនូវបទពិសោធក៏ដូចជាដំណើរដើមទងនៃការតស៊ូរំដោះប្រទេសជាតិ ជាពិសេសការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងបានចែករំលែកអំពីស្ថានការណ៍ព្រំដែនរវាងកម្ពុជានិងថៃនៅពេលបច្ចុប្បន្ននេះ ព្រមទាំងបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក។
លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណចំពោះសម្ដេច ហ៊ុន សែន ដែលបានចែករំលែកនូវមេរៀន និងជាទស្សនទានដ៏ល្អៗ ដែលលោកស្រីបានហៅសម្ដេចថាជារដ្ឋបុរសរបស់កម្ពុជា។ លោកស្រីបានលើកឡើងពីភាពរីកចម្រើនរបស់កម្ពុជា និងកត្តាសុខសន្តិភាព ហើយលោកស្រីក៏មានអនុស្សាវរីយ៍ជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ហើយលោកស្រីបានហៅប្រទេសកម្ពុជាថាជាប្រទេសដ៏អស្ចារ្យ៕