ភ្នំពេញ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី ផ្តល់អាហារូបករណ៍សិក្សាថ្នាក់Deploma Degree (ជាការសិក្សារយៈពេលខ្លី ដោយផ្តោតលើជំនាញជាក់ស្ដែង និងការបណ្តុះបណ្តាលអាជីពជាក់លាក់) បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតដល់និស្សិតកម្ពុជា និងមន្ត្រីរាជការទៅសិក្សានៅប្រទេសឥណ្ឌូស៊ី។ អាហារូបករណ៍នេះ ផ្តល់ឱ្យក្នុងគោលបំណងអភិវឌ្ឍធនធានអ្នកដឹកនាំនាពេលអនាគត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសឥណ្ឌូណេស៊ី និងប្រទេសដៃគូ។
យោងតាមស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា អាហារូបករណ៍នេះផ្តល់ឱ្យសម្រាប់ពលរដ្ឋកម្ពុជាទូទៅ និងមន្ត្រីរាជការ។ ចំពោះការដាក់Diploma Degree និងថ្នាក់បរិញ្ញាបត្របេក្ខជនត្រូវមានអាយុមិនលើសពី២៥ឆ្នាំ និងទទួលបានលទ្ធផលតេស្តភាសាអង់គ្លេសសម្រាប់TOEFL 477 និង IELTS 5.5 ឡើងទៅ។ ថ្នាក់បណ្ឌិត បេក្ខជនត្រូវមានអាយុយ៉ាងច្រើន៤២ឆ្នាំ និងទទួលបានលទ្ធផលតេស្តភាសាអង់គ្លេសសម្រាប់TOEFL 477 និង IELTS 5.5 ឡើងទៅ។ ថ្នាក់បណ្ឌិតបេក្ខជនត្រូវមានអាយុមិនលើសពី ៤៧ឆ្នាំនិងទទួលបានលទ្ធផលតេស្តភាសាអង់គ្លេសសម្រាប់TOEFL 530 និង IELTS 6.0 ឡើងទៅ។ លើសពីនេះ បេក្ខជនត្រូវមានបទពិសោធន៍ធ្វើការជាមន្រ្តីរាជការយ៉ាងហោចណាស់ពីរឆ្នាំ និងមានលិខិតយល់ព្រមឱ្យដាក់ពាក្យពីអ្នកគ្រប់គ្រងបើសិនជាកំពុងតែធ្វើការ។ ជាចុងក្រោយ បេក្ខជនត្រូវតែមានឆន្ទៈត្រឡប់មកធ្វើការក្នុងប្រទេសកំណើតរបស់ខ្លួនវិញយ៉ាងហោចណាស់ពីឆ្នាំ។
បើតាមប្រភពដដែល អាហារូបករណ៍ផ្តល់ឱ្យនូវការសិក្សាដោយឥតគិតថ្លៃនៅបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានឈានមុខគេនៅប្រទេសឥណ្ឌូណេស៊ី ប្រាក់ឧបត្ថម្ភប្រចាំខែ កន្លែងស្នាក់នៅ ធានារ៉ាប់រងសុខភាព។ បេក្ខជនក៏ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់គាំទ្រលើការស្រាវជ្រាវ ការចូលរួមសិក្ខាសាលាអន្តរជាតិ និងការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវរបស់ខ្លួនផងដែរ។ លើសពីនេះបេក្ខជនក៏ទទួលបាននូវថ្នាក់សិក្សាភាសាអង់គ្លេស និងភាសាឥណ្ឌូណេស៊ីដោយឥតគិតថ្លៃ។
សម្រាប់ការដាក់ពាក្យនិងព័ត៌មានបន្ថែម សូមចូលទៅកាន់ តំណរភ្ជាប់ ហើយជ្រើសរើសសាកលវិទ្យាល័យ និងកម្មវិធីសិក្សាឱ្យបានត្រឹមត្រូវ រួចទាក់ទងទៅស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញដើម្បីទទួលបានពាក្យស្នើសុំ រួចចូលទៅកាន់គណនីបន្ទាប់ដើម្បីបំពេញបែបបទ និងឯកសារគាំទ្រឱ្យបានគ្រប់គ្រាន់និងត្រឹមត្រូវ។អាហារូបករណ៍នេះនឹងផុតកំណត់ទទួលពាក្យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦៕