ម៉ូណាកូ៖ លោក សន សារ៉ាណា សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានបណ្ដាញសមាជិកសភាវ័យក្មេង APF ក្នុងនាមជាតំណាងរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំបណ្ដាញសមាជិកសភាវ័យក្មេងនៃសភា ប្រើភាសាបារាំង(APF) នាទីក្រុងម៉ូណាកូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ជាមួយតំណាងសមាជិកសភាក្រុមជាតិនៃបណ្តាប្រទេសប្រើភាសាបារាំងចំនួន ១០ប្រទេសរួមមាន កាណាដា ឆាដ ម៉ូណាកូ កូឌីវ័រ ម៉ុងតេណេហ្គ្រោ កេបិច ទុយនេស៊ី ម៉ូរីតានី ប៊ែលហ្សិក /សហព័ន្ធវ៉ាឡូនី-ព្រុចសែល វ៉ាល់ដូស្តា និងកម្ពុជា បានបង្ហាញនូវមោទនភាពជាតិ ចំពោះការផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំកម្ពុជាជាប្រវត្តិសាស្ត្រ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០។
លោក សន សារ៉ាណា បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការផ្ទេរភារកិច្ចជូនថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលភាគច្រើនមានអាយុក្រោម ៤៥ឆ្នាំ។ នេះជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ថាមពលយុវជនដើម្បីកសាងអនាគតជាតិ ក្នុងនោះ រដ្ឋសភាកម្ពុជាបានដាក់ចេញនូវវិធានការអាទិភាពចំនួន ៣ ដើម្បីលើកកម្ពស់សមត្ថភាពអ្នកតំណាងរាស្ត្រវ័យក្មេងរួមមាន៖
ទី១.ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ផ្ដោតលើការឆ្លើយតបទៅនឹងតម្រូវការយុវជនក្នុងវិស័យការងារ អប់រំ និងសេដ្ឋកិច្ចឌីជីថល។
ទិ២. បរិវត្តកម្មឌីជីថល៖ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងឆ្លើយតបបញ្ហានានាជាមួយម្ចាស់ឆ្នោតឱ្យបានទាន់ពេលវេលា។
ទី៣. តួនាទីក្នុងសន្តិភាព និងការអភិវឌ្ឍ៖ ពង្រឹងសកម្មភាពសមាជិកសភាវ័យក្មេងក្នុងការថែរក្សាសន្តិភាព និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
សូមបញ្ជាក់ថា ក្រៅពីចូលរួមកិច្ចប្រជុំតំណាងរដ្ឋសភាកម្ពុជា លោក សន សារ៉ាណា ក៏បានចូលរួមក្នុងពិធីលៀងសាយភោជន៍សាមគ្គីដែលរៀបចំដោយក្រុមប្រឹក្សាជាតិម៉ូណាកូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសប្រើភាសាបារាំង និងផ្លាស់ប្តូរបទពិសោធការងារសភាឱ្យកាន់តែស៊ីជម្រៅផងដែរ៕