ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ បន្ត និងបង្កើនសហប្រតិបត្តិការរួមគ្នាក្រោមអភិក្រមជវភាពនៃតួអង្គតែមួយផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈស្ថានទូត និងស្ថានកុងស៊ុលកម្ពុជានៅបរទេសទាំងអស់។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបលោក លោកស្រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ លោក លោកស្រីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅបរទេសចំនួន៤៣ រូប ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងគោលដៅផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍។
កិច្ចពិភាក្សាបានផ្លាស់ប្តូរមតិយោបល់ស៊ីជម្រៅលើយុទ្ធសាស្រ្តថ្មីៗ ទាក់ទាញ និងបង្កើតភាពធន់ ដើម្បីឆ្លើយតបនឹងការប្រែប្រួលភូមិសាស្រ្តនយោបាយដ៏ឆាប់រហ័ស ស្មុគស្មាញ និងមិនអាចប៉ាន់ស្មាននាពេលបច្ចុប្បន្ន សំដៅទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការពង្រីកការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា (ទេសចរណ៍វប្បធម៌ប្រវតិ្តសាស្ត្រ, ទេសចរណ៍ធម្មជាតិ, ទេសចរណ៍នៅតាមតំបន់ឆ្នេរ), វប្បធម៌ប្រពៃណី, សាសនា, ម្ហូបអាហារ, ស្នាមញញឹមកម្ពុជា, ភាពជាខ្មែរ សុទ្ធសឹងជាអត្តសញ្ញាណរបស់កម្ពុជា រួមទាំងកាលានុវត្តភាពវិនិយោគដ៏ខ្លាំងក្លាពីកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយល្អប្រសើររបស់កម្ពុជា៕